ផ្កាសាគូរ៉ា កំពុងរីកស្គុសស្គាយស្អាតណាស់ អាចណាត់សំណព្វចិត្តទៅថតរូបលេងបាន
ឥឡូវនេះ សម្រស់ ផ្កាអូការី គីវ៉ាតា នៅតាមសួនច្បារមាត់ទន្លេ ចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់ សណ្ឋាគារសុខានោះកំពុងតែរីកស្គុសស្គាយ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ បានធ្វើឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះមានការចាប់អារម្មណ៍ និង ស្រស់ស្រាយក្នុងចិត្ត ជាមួយការគយគន់សម្រស់ផ្កានៅទីនោះ ។
ផ្កា អូការី គីវ៉ាតា ជាដើមផ្កាជប៉ុន ដែលត្រូវបានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បង្កាត់ពូជយកមកដាំនៅលើសួនច្បារជ្រោយចង្វារ (សួនច្បារព្រះនាងប្រាជ្ញាបារមីជ្រោយចង្វារ) ជាច្រើនឆ្នាំមកហើយ និង ឱ្យតែរដូវនេះចូលមកដល់ វាចាប់ផ្តើមចេញផ្កាបង្អួតភ្ញៀវទេសចរមិនដែលអាក់ខានឡើយ ។
នៅលើសួនច្បារជ្រោយចង្វារ មិនត្រឹមតែជាកន្លែងលំហែរកាយរបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ នៅទីនោះ ក៏បានក្លាយទៅជាកន្លែងហាត់ប្រាណមួយដ៏ពេញនិយមផងដែរ ។ ដោយនៅទីនោះ មានទេសភាព និង ខ្យល់អាកាសល្អបរិសុទ្ធ ព្រោះនៅជាប់នឹងមាត់ទន្លេ ហើយរិតតែពិសេសទៅទៀតនោះសម្រស់ របស់ផ្កាអូការី គីវ៉ាតា ដែលកំពុងរីកយ៉ាងស្រស់ស្អាតនេះ រិតតែធ្វើឱ្យសួនច្បារនោះ មានភាពទាក់ទាញថែមមួយកម្រិតទៀត ៕