ទឹកធ្លាក់ ៩ ជាន់ព្រំប្រទល់ខេត្តកំពត-កំពង់ស្ពឺ ស្អាតខ្លាំង ជិះ ១ ម៉ោងដល់ ពីភ្នំពេញ
ភ្ញៀវទេសចរអាចធ្វើដំណើរទៅលេងទឹកធ្លាក់៩ជាន់ ត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដល់ត្រង់ចំណុចនៃចន្លោះគីឡូម៉ែត្រ ៩៩ និង ១០០ បត់ឆ្វេងតាមខ្លោងទ្វារចូលមានឈ្មោះថា តំបន់តេជោអភិវឌ្ឍន៍ ឬ តំបន់យោធិនទឹកដីតាកែនកោះស្លាទៅកាន់ទឹកជ្រោះដ៏ស្រស់ស្អាតមួយ នៅជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និង ខេត្តកំពត ។
សម្រស់ធម្មជាតិទឹកជ្រោះ ទឹកធ្លាក់៩ជាន់ ជាកន្លែងដែលភ្ញៀវទេសចរតែងតែទៅកម្សាន្ត នារដូវវស្សា សម្លេងទឹកជ្រោះអមដោយសម្រស់ធម្មជាតិស្រស់ស្អាតអាចធ្វើឱ្យលោកអ្នកបំភ្លេចនូវទុក្ខកង្វល់ទាំងឡាយ ។ តំបន់ទឹកធ្លាក់ ៩ជាន់ មានទេសភាពប្លែកៗជាច្រើនកន្លែង ដែលធ្វើឱ្យអារម្មណ៍ របស់ភ្ញៀវទេសចរមានភាពស្រស់ស្រាយ សប្បាយជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធមានទឹកធ្លាក់ជាដំណាក់ៗកាត់ពីលើផ្ទាំងថ្មដា តូច ធំ គួរជាទីចាប់អារម្មណ៍ក្រៃលែង ។
សម្រស់ទេសភាពធម្មជាតិ ទឹកធ្លាក់៩ជាន់នេះ មានភាពអស្ចារ្យខ្លាំងណាស់គឺខុសប្លែកពីតំបន់រមណីយដ្ឋានទឹកធ្លាក់ទទៃទៀត ព្រោះនៅទីនោះមានជ្រលងភ្នំខ្ពស់ទាប មានព្រៃព្រឹក្សា វល្លិ៍ឈើព្រៃធ្លាក់ និង ទោរទន់មានទឹកហូរ ធ្លាក់តាមបណ្តោយកម្រាលថ្មដាថ្លាដូចកញ្ចក់ ។
បន្ទាប់ពីលោកអ្នកបានសប្បាយជាមួយនឹងធម្មជាតិ ដែលមាននៅរមណីយដ្ឋានទឹកធ្លាក់៩ជាន់ហើយនោះ មុននឹងវិលត្រឡប់ទៅផ្ទះវិញ លោក អ្នកក៏អាចបន្តដំណើរទៅកម្សាន្ត នៅតំបន់ភូមិតេជោអភិវឌ្ឍន៍តាកែនកោះស្លាបានប្រកបដោយភាពជក់ចិត្ត ដែលទីនោះ មានផ្ទះស្អាត់ៗត្រូវបានរដ្ឋាភិបាលសាងសង់ឱ្យអតីតយុទ្ធជនសង់ជាជួរៗ រំលេចទៅដោយដំណាំហូបផ្លែគ្រប់ប្រភេទកំពុងឱ្យផល ៕
(ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ )