សម្រស់ធម្មជាតិពិតៗ! ទឹកធ្លាក់អូរជាំ មានកំពស់ ៣០ ម៉ែត្រ ស្អាតប្លែក
ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយ ៨០ គឺឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូត ហើយទៅកាន់ទឹកធ្លាក់តែម្តង ។ ទឹកធ្លាក់អូរជាំត្រូវបានរកឃើញតាំងពី ឆ្នាំ ២០០៣ ដោយប្រជាជនដែលរស់នៅទីនោះ ។ ដល់ឆ្នាំ ២០០៤ ក៏មានប្រជាជនចូលទៅលេងទីនោះ តែឃើញរឿងចំលែកមួយ គឺទឹកឆ្លាក់ដែលមើលឃើញនោះថតមិនជាប់ បើតាមជំនឿរបស់ប្រជាជននៅទីនោះ គាត់ថាទឹកឆ្លាក់នោះមានអ្នកតាកាន់ ។ រហូតដល់ចុងឆ្នាំ ២០១៣ មានមន្រ្តីបរិស្ថាន និង សហគមន៍មួយឈ្មោះ សហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូជាំនេះរហូតដល់សព្វថ្ងៃ ។
ទឹកធ្លាក់នេះមានកំពស់ ៣០ ម៉ែត្រ ដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និង មានត្រពាំងមួយនៅលើភ្នំដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ ។ ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្ម និង ទឹកធ្លាក់ជាបណ្ដាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈឱ្យសប្បាយដល់ភ្ញៀវទេសចរសចរមកទស្សនា ៕