សារ៉េអីជិះឱ្យហើយទៅ! ប្រាប់តម្លៃស្នាក់នៅស្អាតៗ ធូរថ្លៃ ច្រើនកន្លែងនៅមណ្ឌលគីរី
ចាប់ផ្តើមរដូវកាលថ្មី ធ្លាក់ខ្យល់ មិនថាអ្នកណាតែងចង់មានពេលវេលាលម្ហែអារម្មណ៍ទៅតាមតំបន់ទេសចរណ៍ផ្សេងៗជាមួយគ្រួសារ មិត្តភក្ដិ ឬ ជាមួយគូស្នេហ៍ ។ ក្នុងមណ្ឌលគីរីគឺជាគោលដៅដ៏សំខាន់មួយ ព្រោះថាខេត្តមួយនេះមានទេសភាពស្អាត អាកាសធាតុត្រជាក់គួរជាទីមនោរម្យ តែក៏មានអ្នកខ្លះព្រួយបារម្ភអំពីកន្លែងស្នាក់ព្រមជាមួយតម្លៃ ។ ដូច្នេះ «ប្រជាប្រិយ» សូមបង្ហាញតម្លៃស្នាក់នៅតាមរីសត មួយចំនួនមានទេសភាពស្អាតៗខ្លាំង ៖
១. Passion Grove Lodge
ជារីសតដ៏ស្អាតទាក់ភ្នែកមួយកន្លែងនៅលើកូនភ្នំ ក្នុងក្រុងសែនមនោរម្យផ្ទាល់តែម្ដង មានចម្ងាយប្រមាណជាង ១ គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ។ នៅទីនោះមានកន្លែងស្នាក់នៅជាប្រភេទផ្ទះឈើ មានរចនាបថប្លែកៗ ទេសភាពជុំវិញមានភ្នំខ្ពស់ទាប អាចឃើញវាលស្មៅដ៏ខៀវខ្ចីដាច់កន្ទុយភ្នែក និង មានដំណាំហូបផ្លែជាច្រើនប្រភេទដាំជុំវិញ ។ ចំពោះតម្លៃវិញសម្រាប់បន្ទប់ ១ គ្រែ ១ យប់ ៣០ ដុល្លារ រីឯបន្ទប់មានគ្រែ ២ មួយយប់ ៣២ ដុល្លារ ។ ទោះបីជាក្នុងបន្ទប់នីមួយៗប្រើកង្ហាពិតមែន តែអាកាសធាតុត្រជាក់ខ្លាំង សឹងតែមិនចាំបាច់បើកកង្ហាក៏បាន ។
២. Nature Lodge
រីសត និង រមណីយដ្ឋានមួយនេះវិញ ក៏ស្ថិតនៅក្រុងសែនមនោរម្យដូចគ្នា ស្ថិតនៅក្នុងភូមិចំការតែ ឃុំស្ពានមានជ័យ វាមានទីតាំងនៅជំរាលភ្នំដ៏ស្រស់ស្អាត រំលេចជាទេសភាពដ៏ស្រស់បំព្រងជាមួយវាលស្មៅក្រាស់ឃ្នឹក ប្រកបដោយអាកាសធាតុដ៏ត្រជាក់ ។
ស្នាក់នៅទីនោះភ្ញៀវអាចសម្រាកលម្ហែកាយជាមួយធម្មជាតិខៀវខ្ចី អាចមើលឃើញទិដ្ឋភាពក្រុងសែនមនោរម្យ មានជាបឹងកាឡូស្នាក់នៅ មានបាតូចៗធ្វើឡើងនៅលើដើមឈើដ៏ប្លែកបំផុត ដែលភ្ញៀវអាចញ៉ាំភេសជ្ជៈ អាហារឆ្ងាញ់បណ្ដែតអារម្មណ៍ ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ ។ ចំពោះតម្លៃវិញចាប់ពី ១០ ដុល្លារឡើងក្នុងមួយយប់ ។
៣. ផ្ទះសំណាក់ជនជាតិដើមភាគតិច Indigenous People Lodge
ប្រសិនបើចង់សាកល្បងការស្នាក់នៅផ្ទះជនជាតិដើមភាគតិច សាកល្បងជីវិតរស់នៅបែបព្រៃភ្នំ ជាប្រពៃណីបងប្អូនដើមភាគតិច ផ្ទះសំណាក់ជនជាតិដើមភាគតិច Indigenous People Lodge គឺជាជម្រើសដ៏ល្អបំផុត ។ នៅទីនោះមានផ្ទះស្នាក់នៅមានតាមបែបលក្ខណៈប្រពៃណីផ្ទះគ្រឹង(ផ្ទះកូនកំលោះ និង ផ្ទះកូនក្រមុំ) ផ្ទះពូនង ពិសេសទេសភាពស្រស់ស្អាត ឮសំឡេងសត្វយំ ឮសំឡេងទឹកហូរ និង ត្រជាក់ខ្យល់បរិសុទ្ឋពិតៗ ។ ចំពោះតម្លៃស្នាក់នៅមានចាប់ពី ៧ ដុល្លារ ដុល្លារឡើងទៅក្នុមួយយប់តាមប្រភេទបន្ទប់ ។
Indigenous People Lodge មានទីតាំងស្ថិតក្នុងភូមិចម្ការតែ ស្រុកសែនមនោរម្យ មានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីផ្សារមណ្ឌលគិរី ។
៤.Mayura Hill Resort
ជារីសតដ៏ល្បីល្បាញជាងគេប្រចាំខេត្តមណ្ឌលគីរី ព្រោះតែវាស្ថិតនៅលើចង្កេះភ្នំ ប្រកបដោយទេសភាពព្រៃព្រឹក្សាយ៉ាងស្រស់ត្រកាលនៅលើទឹកដីដ៏សែនមនោរម្យ ក្នុងខេត្តមណ្ឌលគីរី ។ Mayura Hill Resort មានទីតាំងស្ថិតនៅក្រុងសែនមនោរម្យតែម្ដង មានប្រវែងប្រមាណជិត ១ គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ។ លក្ខណៈពិសេសដែលភ្ញៀវទេសចរទទួលបានមានដូចជា មានអាងហែលទឹកដ៏ស្រស់ស្អាតកណ្ដាលព្រៃព្រឹក្សា មានផ្ដល់ជាអាហារដ៏មានឱជារសឈ្ញុយឆ្ងាញ់ តម្លៃសមរម្យ ព្រមទាំងមាន Free WiFi ទៀតផង ។
នៅទីនេះមានជាបឹងកាឡូស្នាក់នៅស្អាតៗ សង់ដាច់ៗពីគ្នា និង បែងចែកជា ៣ ប្រភេទគឺ៖
1.Bengalow Superior អាចស្នាក់នៅបាន ២ នាក់ តម្លៃទាបបំផុត ៩៧ ដុល្លារ និង ខ្ពស់បំផុត ១២៥ ដុល្លារក្នុងមួយយប់ ។
2 Bengalow Relax អាចស្នាក់នៅបាន ២ នាក់ តម្លៃទាបបំផុត ១០៨ ដុល្លារ និង ខ្ពស់បំផុត ១៣៧ ដុល្លារក្នុងមួយយប់ ។
3 Bengalow Family អាចស្នាក់នៅបាន ៤ នាក់ តម្លៃទាបបំផុត ១៤៧ ដុល្លារ និង ខ្ពស់បំផុត ១៧១ ដុល្លារក្នុងមួយយប់ ។
ការស្នាក់នៅគ្រប់ប្រភេទបឹងកាឡូ គឺមានបំពាក់ម៉ាស៊ីនត្រជាក់ បន្ទប់ទឹកឯកជន មានផ្ដល់ជូនគ្រឿងសម្អាង មានរានហាលអាចមើលឃើញទេសភាពព្រៃឈើដ៏ត្រកាល សួនច្បារ និង ភ្នំព័ទ្ធជុំវិញ ។ ពិសេសនោះមានផ្ដល់ជូនអាហារពេលព្រឹកដោយឥតគិតថ្លៃ ។
៥. Dimond Mondulkiri Resort
ចំណែករីសតនេះ កន្លែងស្នាក់នៅជាប្រភេទផ្ទះតែម្ដង អាចស្នាក់នៅជាលក្ខណៈគ្រួសារបាន ។ លក្ខណៈពិសេសនៅទីនេះគឺ វាសាងសង់នៅក្បែរចម្ការស្រល់អាចមើលឃើញទេសភាពដ៏ស្រស់បំព្រង ក្នុងបន្ទប់នីមួយៗបំពាក់ដោយម៉ាស៊ីនត្រជាក់ មានទឹកក្ដៅ ទឹកត្រជាក់ មានអាងហែលទឹកដ៏ធំ ។ ចំពោះផ្ទះនីមួយៗមានបន្ទប់ពីរ ក្នុង ១ បន្ទប់អាចគេងគ្នាបាន ២ នាក់ សម្រាប់មនុស្សធំ ហើយចំពោះតម្លៃក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌវិញ គឺ ១០០ ដុល្លារ ប៉ុន្តែទៅក្នុងថ្ងៃធម្មតាតម្លៃត្រឹមតែ ៨០ ដុល្លារប៉ុណ្ណោះក្នុង ១ យប់ ៕