ក្បាលស្ពាន ជាទីកន្លែងអច្ឆរិយៈ តែមិនសូវមានភ្ញៀវទេសចរទៅដល់
ក្បាលស្ពាន ជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ដ៏អស្ចារ្យ នៅលើទឹកដីខេត្តសៀមរាប ប៉ន្តែអ្វី ដែលគួរឱ្យសោកស្តាយនោះ នៅក្បាលស្ពាននេះមិនសូវមានភ្ញៀវទេសចរជាតិច្រើនប៉ុន្មាន ដែលបានទៅដល់ទីនោះ ក៏ព្រោះតែនៅទីនោះមានចម្ងាយឆ្ងាយពីក្រុងសៀមរាបបន្តិច ។
រមណីយដ្ឋាន ក្បាលស្ពាន មានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និង ប្រហែល ១៧-១៨ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថា ជាជ្រលងនៃលិង្គ ១០០០ និង មានផ្លូវឡើងភ្នំប្រវែង ១៥០០ ម៉ែត្រ ពីក្រោមឡើងទៅលើភ្នំ ។ កន្លែងនេះ មានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និង ជុំវិញស្ទឹងក្បាលស្ពាន ចម្លាក់ទាំងនោះភាគច្រើនត្រូវបានសាងឡើងពីសតវត្សទី ១១ នៃគ្រិស្តសករាជ។ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី ១ និង ស្ថាបនារួចជាស្ថាពរ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី ២ ។
ប្រជាជនមានជំនឿ ដោយសារគេយល់ថា ទឹកដែលហូរនៅទីនោះគឺជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់រយដែលស្នង ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ ម៉ែត្រ ។
ដូចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។ កន្លែងខ្លះ ក៏មានឆ្លាក់យោនីជាបល្ល័ង្គភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ ២០០ ម៉ែត្រ នៅតាមច្រាំង និង នៅលើជញ្ជាំងខ្លះៗផង ។ ក្រៅពីនេះមានចម្លាក់ជាច្រើនកនែ្លងមានរូប ព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រ នាអន្តរកប្បមួយ។ ទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់ អស់ទាំងនេះ ហើយដែលបង្កើតជាស្ទឹងឬស្សី ហើយបែកមក ស្ទឹងពួក និង ស្ទឹងសៀមរាប ៕