វត្តសំរោងក្នុង ខេត្តបាត់ដំបង មានវ័យជាង ៣១២ ឆ្នាំ
វត្តសំរោងក្នុង គឺជាទីអារាមដែលមានអាយុកាលចំណាស់មួយក្នុងខេត្តបាត់ដំបង វត្តនេះមានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើត នៃក្រុងបាត់ដំបងក្នុងភូមិសំរោង ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ មានចំងាយប្រមាណ ៥,៧៧ គីឡូម៉ែត្រ ដោយគិតចាប់ពីសាលាខេត្តបាត់ដំបងរហូតទៅដល់វត្ត ។ វត្តសំរោងក្នុងបានកសាងឡើងនៅឆ្នាំ ១៧០៧ ដោយលោកធុត្តុង្គជ័យជាអាស្រម ដែលមកដល់ពេលនេះមានអាយុ ៣១២ឆ្នាំហើយ ។
សំរោងក្នុង គឺជាឈ្មោះដើមឈើដែលដុះនៅទីនោះដ៏ធំមួយដើម ដែលមានអង្គត់ ផ្ចិត ២ ម៉ែត្រ ហើយជាកន្លែងតាំងអាស្រមរបស់លោកធុត្តុង្គជ័យ ហើយបន្ទាប់មកក៏មានព្រះសង្ឃ សិស្សគណជាបន្តបន្ទាប់មក គឺ ជាទីសក្តិសិទ្ធដែលសំរេច គោលបំណងនសការបន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខ អ្នកការ និង ប្រជាពលរដ្ឋទាំងអស់ រៀងដរាបមកដល់សព្វថ្ងៃនេះ។
ប្រវត្តិវត្តសំរោងក្នុង វត្តសំរោងក្នុងបានចាប់កំណើតតាំងពីឆ្នាំ ១៧០៧ ក្នុងរូបភាពជាអាស្រមរបស់ធុត្តុង្គជ័យ ក្នុងអំឡុងនៃការគ្រប់គ្រងអំណាចរបស់គ្រួសារស្ដេចត្រាញ់ ចៅហ្វា បែន។ នៅឆ្នាំ១៨៨៧ ព្រះចៅអធិការទី៧នៃវត្តសំរោងក្នុង បានកសាងប្រាសាទឥដ្ឋមួយ ដើម្បីតម្កល់អដ្ឋិធាតុព្រះចៅអធិការវត្ត កាលពីជំនាន់មុន។ ៣ឆ្នាំក្រោយមក ខ្សែស្រឡាយរបស់ស្ដេចក្រាញ់ ចៅហ្វា បែន ក៏បានឱ្យគេសាងសង់ព្រះវិហារមួយផងដែរ ដែលមានទីតាំងលើព្រះវិហារចាស់ ដើម្បីបួងសួងផ្សេងៗ តាមលទ្ធិព្រះពុទ្ធសាសនា។ ព្រះវិហារ និងប្រាសាទធ្វើអំពីឥដ្ឋដែលមាននៅសេសសល់រហូតដល់សព្វថ្ងៃ។
ប្រាសាទវត្តសំរោងក្នុងកសាងក្នុងអំឡុង ព.ស ២៤៣១ គ.ស ១៨៨៧ ដោយព្រះគ្រូ មុនីវិសុទ្ធវង្ស រាជាគណថ្នាក់ចត្វា និងជាព្រះចៅអធិការទី៧នៃវត្តសំរោងក្នុង។ ការកសាងនេះមានបំណងសម្រាប់ដំកល់ព្រះធាតុ ព្រះគ្រូអធិការ៦អង្គមុនៗ មាន : ព្រះធាតុធុត្តុង្គជ័យ, ធុត្តុង្គតាក, ធុត្តុង្គណាក, ធុត្តុង្គរស់, ធុត្តុង្គរដ្ឋ និងលោកតា កែ៕