តោះ! ទៅបោះតង់អាំងសាច់ នៅទឹកធ្លាក់ស្រែអំពិល ធម្មជាតិពិតៗ
ប្រសិនបើលោកអ្នកចង់ធ្វើដំណើរហើយមិនបាច់ចំណាយពេលយូរទៅតំបន់ឆ្ងាយៗនោះ គួរណាស់តែជ្រើសរើសយកដំណើរកម្សាន្ត និង សម្រាកលំហែរកាយ នៅទឹកធ្លាក់ស្រែអំពិល ដែលមានទីតាំងស្ថិតនៅក្នុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលមានចម្ងាយ ៦៤ គីឡូពីទីរួមខេត្តកំពង់ឆ្នាំង។
លោក សោ ភា ប្រធានសហគមន៍ ទឹកធ្លាក់ស្រែអំពិល បានឱ្យដឹងថា សហគមន៍ទើបបង្កើតឡើងមួយឆ្នាំ ដោយរៀបចំគម្រោងការពារអនុផលព្រៃឈើដើម្បីបង្កើតជាអេកូទេសចរណ៍សម្រាប់ជាប្រយោជន៍សហគមន៍ទាំងមូល។ ជាពិសេស គម្រោងអេកូទេសចរណ៍នេះ លើកស្ទួយជីវភាពប្រជាពលរដ្ឋដែលរស់នៅទីនោះ តាមរយៈការលក់ដូរ ចំណីអាហារ ផ្លែឈើជូនភ្ញៀវទេសចរ។
នៅទឹកធ្លាក់ស្រែអំពិល ភ្ញៀវទេសចរ អាចងូតទឹកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ គយគន់ជាមួយធម្មជាតិ ដ៏ស្រស់ត្រកាល នៃព្រៃភ្នំក្រមថ្ម ឬមួយចង់លំហែរកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ រីករាយជាមួយធម្មជាតិដ៏ស្រស់បំព្រង លោកអ្នកអាចបោះតង់ស្នាក់នៅមួយយប់ ជួបជុំមិត្តភក្ដិ គ្រួសារ អាំងសាច់ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ៕