ទំនប់ម្កាក់ នារដូវបុណ្យភ្ជុំបិណ្ឌ មានមនុស្សម្នាទៅលេងច្រើន
រដូវភ្ជុំបិណ្ឌបានចូលមកដល់ ទឹកទំនប់ម្កាក់ បានពេញប្រៀប ដែលបង្កលក្ខណៈងាយស្រួលក្នុងងូតទឹកកម្សាន្ត មិនថា អ្នកនៅក្នុងខេត្តសៀមរាប ឬ អ្នកទៅពីខេត្តឆ្ងាយៗនោះទេ ឱ្យតែដល់រដូវនេះ ពួកគាត់តែងតែនាំគ្នាទៅងូតទឹកកម្សាន្តលេង នៅទំនប់ម្កាក់នោះ ។ ទំនប់ម្កាក់នេះ ជាប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង ស្ថិតនៅក្នុង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានលក្ខណៈអំណោយផលដល់ភ្ញៀវទេសចរ ឱ្យទៅលំហែរកាយនៅទីនោះយ៉ាងច្រើន បន្ទាប់ពីរដ្ឋាភិបានចាប់ផ្តើមកសាងទំនប់នោះរួចមក ។
ដោយសារតែទឹកពេញអាងបានធ្វើឱ្យ ទំនប់ម្កាក់បច្ចុប្បន្នទីនេះ ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប ដែលក្នុងរដូវភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរទៅសម្រាកលំហែរកាយយ៉ាងច្រើននាពេលថ្ងៃរសៀល បន្ទាប់ពីពួកគាត់ទៅកាន់បណ្ឌិន នាពេលព្រឹករួចមក ។
ទំនប់ម្កាក់ ឬ ប្រព័ន្ធស្រោចស្រពស្ទឺងជីក្រែង ត្រូវបានបើកការដ្ឋានសាងសង់ឡើង នៅក្នុងឆ្នាំ២០១៥ ហើយបញ្ចប់ការសាងសង់នៅពាក់កណ្តាល ឆ្នាំ ២០១៧ ដែលអាចស្រោចស្រពដីកសិកម្មជាង ២ ម៉ឺនហិកតា នៅក្នុងស្រុកជីក្រែង ។ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រ មួយនេះ បានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងទឹកដីខេត្តសៀមរាប ។
ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង ឬ ទំនប់ម្កាក់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៨ ២០០ ហិកតា និង ស្រូវប្រាំង ចំនួន ៣ ២០០ ហិកតា និង បំរើវិស័យទេសចរណ៍យ៉ាងសំខាន់នៅក្នុងខេត្តសៀមរាប ៕