ភូមិកំពង់ភ្លុក នៅរដូវស្សាពិតជាស្អាតអស្ចារ្យខ្លាំង
នៅរដូវវស្សា កំពង់ភ្លុក មានសម្រស់ប្លែកមួយទៀតដែលជាទីទាក់ទាញភ្ញៀវទេសចរ ជាតិ និង បរទេស ឱ្យចូលមកទស្សនា ជាភូមិធម្មជាតិនៅលើផ្ទៃទឹកនៃបឹងទន្លេសាបក្នុងខេត្តសៀមរាបដ៏ទាក់ទាញមួយនេះ ។ នារដូវវស្សានេះផ្ទៃទឹកបានឡើងប៉ប្រះនឹងដើមរាំង ព្រមជាមួយផ្ទះសម្បែងរបស់ប្រជាជន បង្កើតបានជាទេសភាពថ្មីមួយទៀតដែលខុសពីរដូវប្រាំង លំនៅឋានដែលមានសសរខ្ពស់ៗផុតពីដី ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ឱ្យចង់មកទស្សនាទីនេះកាន់ច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
តំបន់កំពង់ភ្លុក ស្ថិតនៅក្នុងទឹកដី ភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រពី ក្រុងសៀមរាប ដោយយើងអាចជិះកាណូតទៅតាមដងស្ទឹងរលួស ឬ ទៅតាមកំពង់ថ្កូវក៏បាន ។ នៅរដូវវស្សានេះ ភូមកំពង់ភ្លុក បណ្តែតខ្លួននៅលើដីកោះចោលសម្រស់យ៉ាងឆើតឆាយមានផ្ទៃទឹកព័ទ្ធជុំវិញ នៅពេលយើងធ្វើដំណើរទៅដល់ភូមិឋាននេះភ្លាម នោះគេនឹងបានឃើញទូកតូចៗដែលជារបស់ប្រជាសហគមន៍ និង កាណូតទេសចរណ៍ចតតម្រៀបគ្នាជាជួរៗនៅក្បែរគ្នា រង់ចាំភ្ញៀវ ។
ប្រសិនបើលោកអ្នកក្រឡេកមើលទៅលើផ្ទៃបឹងនឹងប្រទះភ្នែកឃើញមានទេសភាពស្រស់បំព្រងណាស់ រំលេចដោយលំនៅស្ថាន សាលារៀន វត្តអារាម រួមទាំង កសិដ្ឋានចិញ្ចឹមត្រី កសិដ្ឋានក្រពើជាដើម។
កំពង់ភ្លុក គឺជាគោលដៅទស្សនាចរណ៍មួយដែលមិនគួរអាក់ខាន ព្រោះនៅទីនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិអាចទស្សនាបានជាមួយផ្ទាំងទស្សនីយភាពប្លែកៗនៃសម្រស់ធម្មជាតិ និង អាចស្វែងយល់ពីជីវភាពរស់នៅ ប្រពៃណីទំនៀមទម្លាប់ ក៏ដូចជាការប្រកបរបរនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋយើងបានយ៉ាងជក់ចិត្ត ។
មានមធ្យោបាយជាច្រើនដែលអាចនាំលោកអ្នកទៅកាន់ភូមិកំពង់ភ្លុក ប៉ុន្តែមធ្យោបាយដែលងាយស្រួល និង ចំណាយពេលវេលាតិចនោះគឺតាមទូក ឬ កាណូតទេសចរណ៍ ដោយចេញដំណើរពីខេត្តសៀមរាបតាមដងស្ទឹងរលួស ឬ កំពង់ថ្កូវ ។ បើយើងធ្វើដំណើរតាមកាណូតយឺតៗកាត់តាម ភូមិបណ្តែតទឹកនេះ គឺត្រូវចំណាយពេល ២០ នាទី ទើបឆ្លងផុតទៅដល់កណ្តាលបឹងដ៏ធំល្វឹងល្វើយ ដែលមានធម្មជាតិស្អាតណាស់។
កំពង់ភ្លុកជាភូមិឋានតូចមួយប្រកបទៅដោយសោភ័ណភាពដែលមានពលរដ្ឋរស់នៅ រកទទួលទានដោយអាស្រ័យលើការធ្វើនេសាទជាលក្ខណៈគ្រួសារប្រមាណជា ៩០ ភាគរយ សល់ពីនោះប្រកបរបរផ្សេងៗ ។ ប្រសិនបើយើងបានមកដល់ទីដ៏មនោរម្យនេះ ហើយយើងក៏អាចឈានចូលទៅទស្សនាការរស់នៅរបស់ប្រជាជននៅភូមិចុងឃ្នៀស និង ភូមិកំពង់ឃ្លាំង រួមទាំងដែនជម្រកសត្វស្លាប ព្រែកទាល់ដែលនៅមិនឆ្ងាយប៉ុន្មានពីកំពង់ភ្លុកនេះ។ ដោយសារតែទីនោះមានធម្មជាតិស្រស់បំព្រងគួរឱ្យទាក់ទាញណាស់រួមទាំងមានលំនៅឋាន វត្ត សាលារៀនបណ្តែតលើផ្ទៃទឹក និង នៅលើកោះសម្រាប់ក្មេងៗ រៀនសូត្រធ្វើឱ្យតំបន់នេះមានលក្ខណៈប្លែក ដោយឡែកម្យ៉ាងពីតំបន់ផ្សេងទៀត។
ភ្ញៀវទេសចរបរទេសដែលមកដល់ទីនេះក៏អាចទៅទស្សនាកន្លែងចិញ្ចឹមត្រី កសិដ្ឋានចិញ្ចឹមក្រពើ មើលការនេសាទ និង ស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋនៅភូមិកំពង់ភ្លុកនេះបានយ៉ាងរីករាយ។ ការជិះទូកទស្សនានៅតំបន់កំពង់ភ្លុកបង្កលក្ខណៈឱ្យភ្ញៀវអាចទស្សនាទិដ្ឋភាពរួមនៅកំពង់ភ្លុក មើលឃើញផ្ទៃទឹកបឹងទន្លេសាបដែលជាជង្រុកនៃធនធានធម្មជាតិត្រីទឹកសាបតែមួយគត់នៅក្នុងតំបន់អាស៊ី ហើយក្នុងស្ថានភាពដ៏មនោរម្យបែបនេះ បានធ្វើឱ្យមានភាពកាន់តែសប្បាយជាមួយនឹងផ្ទាំងទស្សនីយភាពព្រះសុរិយាអស្តង្គតលើបឹងទន្លេសាបនៅតំបន់កំពង់ភ្លុកនេះយ៉ាងខ្លាំង ៕