ចង់រកកន្លែងលំហែកាយមែន ? តោះ ! ទៅកម្សាន្តនៅសហគមន៍ទេសចរណ៍បឹងឈូក
ដើម្បីផ្លាស់ប្តូរបរិយាកាស បន្ទាប់ពីទស្សនា ប្រាង្គប្រាសាទនានានៅតំបន់អង្គរនោះ ទើបប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចាប់ផ្តើមបង្កើត សហគមន៍ទេសចរណ៍បឹងឈូកថ្មីមួយទៀត ដើម្បីឱ្យភ្ញៀវទេសចរ ស្នាក់នៅ និង ការកម្សាន្ត ជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រង នៃទឹកដីសៀមរាបអង្គរ ។
សហគមន៍ទេសចរណ៍ បឹងឈូកនេះ ស្ថិតនៅក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលមានចម្ងាយជាង ៤០ គីឡូម៉ែត្រ ពីក្រុងសៀមរាប នៅខាងលិចប្រាសាទបន្ទាយស្រី ប្រហែល ២ គីឡូម៉ែត្រ ។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរទៅកម្សាន្តប្រមាណជា ៨០០នាក់ ។
សហគមន៍ទេសចរណ៍បឹងឈូកកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដោយសារនៅទីនោះ មានការអភិរក្សជាលក្ខណៈធម្មជាតិ ជិះទូកមើលសត្វស្លាប ជិះទូកទៅទស្សនានៅព្រៃទឹកសាប ដែលមានទំហំព្រៃប្រមាណជា ៤ ហិកតា និង មានទេសភាពជាប់ជើងភ្នំ មើលទៅពិតជាមានទេសភាពស្រស់ស្អាតខ្លាំង ។
សហគមន៍ ទេសចរណ៍ បឹងឈូកត្រូវបានរៀបចំឡើង រយៈពេលជិត ២ ឆ្នាំមកហើយ ពេលនេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅទស្សនាមិនដាច់ ជាពិសេសនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យជាតិផ្សេងៗ គឺមានភ្ញៀវទេសចរជាតិទៅកម្សាន្តច្រើន ។ ប្រសិនបើលោកអ្នកចង់ទៅសម្រាកលំហែរកាយនៅសហគមន៍ទេសចរណ៍ បឹងឈូកនោះ បើមិនច្បាស់លោក អ្នក អាចទាក់ទងទៅកាន់លេខទូរស័ព្ទ :០៨៥ ៦១២ ០០០ /០១០ ៦១២ ០០០ ៕