គ្រាន់តែបានឃើញ ទេសភាពនៅភូមិបៃតៃស្រស់ស្អាតយ៉ាងនេះ អ្នកណាមិនចង់ទៅ !
ទេសភាពដ៏ស្រស់ស្អាត នៅភូមិបៃតងនេះ បើបានឃើញហើយ អ្នកណាមិនចង់ទៅ ទិដ្ឋភាពបៃតងដ៏ខៀវស្រងាត់នារដូវវស្សានៃ ភូមិបៃតង នៅក្រុងសៀមរាប គ្រាន់តែបានឃើញហើយ ពិតជាអន្ទងចិត្តភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យចង់ទៅលំហែកាយខ្លាំងណាស់ ។ ពេលនេះ ភូមិបៃតង ជារមណីយដ្ឋានបែបធម្មជាតិមួយ ដែលភ្ញៀវទេសចរ ជាតិ និង អន្តរជាតិកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ។
រមណីយដ្ឋាន ភូមិបៃតង ស្ថិតនៅ ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។ រមណីយដ្ឋានេះ បានបើកឱ្យដំណើរការនៅចុងឆ្នាំ ២០១៥ វាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសណ្ឋាគារបារាំងមួយឈ្មោះ Zannier នៅទីនោះមាន សង់ផ្ទះរចនាបទ បែបខ្មែរ សង់កណ្តាលទេសភាពយ៉ាងស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ បរិយាកាសបែបស្ងប់ស្ងាត់ និង មានអាងទឹកដ៏ស្រស់ស្អាតផងនោះ ទើបធ្វើឱ្យកន្លែងមួយនេះអាចទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែកាយយ៉ាងច្រើន ។
នៅក្នុង ភូមិបៃតង ត្រូវបានសង់ស្ពានឈើនៅខាងមុខផ្ទះយ៉ាងខ្វាត់ខ្វែងកាត់វាលស្រែ ដែលរំលេចទៅដោយដើមត្នោត ដុះពាសពេញ និង រុក្ខជាតិពណ៌បៃតងយ៉ាងស្រស់ស្អាត ដែលជាចំណុចទាក់ទាញ ភ្ញៀវទេសចរឱ្យចង់ទៅសម្រាកលំហែកាយ ៕