ណាត់គ្នាឱ្យហើយទៅ! បើបានទៅលេងប្រាសាទសំបូរព្រៃគុក កុំភ្លេចចូលទៅលេងសួនផ្កាស្បៃរឿង
ភ្ញៀវទេសចរទាំងឡាយ បើបានទៅទស្សនា នៅប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំនោះ កុំភ្លេចចូលទៅទស្សនា សួនផ្កាស្បៃរឿង នៅជិតនោះ ព្រោះពេលនេះ វាកំពុងរីកស្គុសស្គាយ រងចាំស្វាគមន៍ ភ្ញៀវទេសចរ ដែលចូលទៅទស្សនា និង លំហែកាយ យ៉ាងសប្បាយរីករាយ ។ ពេលនេះ សួនផ្កាស្បៃរឿងនោះ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរយ៉ាងច្រើន ដែលបានចូលទៅទស្សនា ។
សួនផ្កា ស្បៃរឿងនេះ មានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើលោក អ្នកចង់ទៅទស្សនានៅទីនោះ លោក អ្នកត្រូវចូលតាមខ្លោងទ្វាររមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រហែល ៥០០ ម៉ែត្រ រួចបត់ឆ្វេងនឹងបានដល់គោលដៅជាមិនខាន ។
ក្រៅពីការដាំផ្កាស្បៃរឿងនោះ នៅក្នុងសួននេះ ក៏មានដាំផ្កាចម្រុះពណ៌ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ។ នៅបរិវេណ សួនផ្កា ស្បៃរឿង គេសង្កេតឃើញមានភ្ញៀវទេសចរចូលទស្សនាយ៉ាងច្រើន ឥតដាច់ ដែលភ្ញៀវខ្លះ បានទៅលេងជាលក្ខណគ្រួសារ ហើយពួកគាត់បាននាំគ្នាថតរូបសេលហ្វី ទុកជាអនុស្សាវរីយ៍ថែមទៀត ៕
ដោយ៖សុថាត់ (រូបថត Seyma Net- Hong SreyMey)