សប្បាយម្យ៉ាង ! ជិះម៉ូតូផ្សងព្រេង តាមផ្លូវលេខ ៥៥ ពោធិ៍សាត់ ទៅព្រំដែនថៃ
ប្រសិនបើលោកអ្នកមានពេលទំនេរនោះ លោកអ្នកគួរចំណាយពេលធ្វើដំណើរ ដោយប្រើម៉ូតូ រយៈពេល ៣ ថ្ងៃ ទៅកម្សាន្តជាមួយធម្មជាតិ តាមផ្លូវជាតិលេខ ៥៥ ដោយចេញពីខេត្តពោធិសាត់ដល់ព្រំដែនថៃ ឬ ក៏អាចបន្តដំណើរ ឆ្ពោះទៅកាន់ ខេត្តកោះកុងក៏បាន ទីនោះនឹងធ្វើឱ្យលោក អ្នកមានអារម្មណ៍ប្លែក និង ស្រស់ស្រាយជាមួយធម្មជាតិដ៏ស្រស់បំព្រង នៅតាមដងផ្លូវជាមិនខានឡើយ ។
នៅលើដងវិថីលេខ ៥៥ ក្រាលកៅស៊ូដ៏ថ្មីសន្លាង ចេញពីក្រុងពោធិ៍សាត់ មានសភាពបត់បែន រត់កាត់ភូមិឋាន វាលស្រែ ច្បារដំណាំ ទីកម្សាន្ដ និង បន្ដព័ទ្ធពេនតាមជម្រាលព្រៃភ្នំប្រវែងជាង ១៨២ គីឡូម៉ែត្រ រហូតដល់ព្រំដែន កម្ពុជា-ថៃ ទោចក្រក្រយានយន្ត និង រថយន្ដតូចធំបានធ្វើដំណើរយ៉ាងរលូនទៅ និង មក តាមគោលដៅ ដែលលោកអ្នកបានកំណត់ ។
តើការធ្វើដំណើរ តាមផ្លូវលេខ ៥៥ មានអ្វីខ្លះគួរជាទីចាប់អារម្មណ៍ ? វាពិតជាពិសេស ដែលអ្នកបានទៅដល់ទីនោះ ពិបាកនឹងរកពាក្យអ្វីមកពណ៌នាឱ្យសាកសំនូវអ្វីៗដែលមាននៅទីនោះណាស់ មានតែទៅងល់ទីនោះទេ ទើបភ្ញៀវទេសចរអាចទទួលស្គាល់ថា ពោធិ៍សាត់ជាទីឋានរមនា និង ស្រស់ត្រកាលកម្រមាន ។
ការធ្វើដំណើរ ដែលបានឃើញមុនដំបូងគេគឺ ផ្លូវបត់បែនដូចអន្ទង់អាំង បានរត់កាត់ព្រៃភ្នំក្រមថ្ម យ៉ាងវែងអន្លាយ គួរជាទីចាប់អារម្មណ៍។ ពេលធ្វើដំណើរនោះលោកអ្នក អាចទស្សនាទឹកធ្លាក់អូរដា ស្ថិតនៅក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ចម្ងាយប្រមាណជា ៥៥ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។ ក្រោយពី ទស្សនាធម្មជាតិព្រៃព្រឹក្សារួចហើយ គេអាចបន្តដំណើរ ទៅកាន់រមណីយដ្ឋានទំនប់ឈើតោកទៀត ។ ទំនប់ឈើតោកស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ចូលតាមវត្ដកែវឧត្ដម ហៅ វត្ដកណ្ដាល មានចម្ងាយប្រមាណជា ៣ គីឡូម៉ែពីវត្តប៉ុណ្ណោះ ។
ក្រោយពីងូតទឹកយ៉ាងសប្បាយរីករាយ ហើយលោកអ្នកអាចសម្រាកនៅទីនោះមួយយប់ រួចបន្តដំណើរទៅកាន់ រមណីយដ្ឋានល្បាក់កំរោញ ជាបន្តទៀត ដែលនៅមិនឆ្ងាយប៉ន្មានពីគ្នាឡើយ ។ ល្បាក់កំរោញ ដែលមានសភាពស្ងប់ស្ងាត់ តែធម្មជាតិស្រស់ស្អាតក្រៃលែង ដែលភ្ញៀវទេសចរមិនត្រូវមើលរំលងឡើយ ។
បន្ទាប់មក គេអាចបន្តដំណើរទៅកាន់ទឹកធ្លាក់ថ្មដាតូច ឬ អ្នកខ្លះនិយមហៅថា ទឹកធ្លាក់ភ្នំ ១០០៥ នៅទីនោះកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវជាតិលេខ ៥៥ នេះ ដែល ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ បន្ទាប់ពីងូតទឹកធ្លាក់យ៉ាងសប្បាយរីរីករាយហើយ ភ្ញៀវទេសចរអាចទៅភ្លក្សក្រូចពោធិ៍សាត់ជូរផ្អែមដល់ចម្ការ ដែលនៅមិនឆ្ងាយពីទីនេះឡើយ ។
ចម្ការក្រូចនៅតំបន់នេះលាតសន្ធឹងលើផ្ទៃដីមិនក្រោម ៣០០០ ហិកតាឯណ្ណោះហើយចំការក្រូច ក្រូចពោធិ៍សាត់ សម្បូរជាងគេ ពីម្ដុំរមណីយដ្ឋានល្បាក់កំរោញ ក្នុង ឃុំអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ រហូតភ្នំចិនយំ ។ បន្ទាប់មកភ្ញៀវអាចទៅ ទស្សនា ទឹកធ្លាក់ឆាយដាច់ ឬ ថ្មដាធំជាបន្តទៀត ទឹកធ្លាក់នេះមានមុខកាត់ ៣០ ម៉ែត្រ និង ហូរធ្លាក់លើចំណោតថ្មកម្ពស់ប្រមាណ ៧ ម៉ែត្រ។
នៅរដូវវស្សាទឹកបានហូរធ្លាក់លើចំណោតថ្ម កម្ពស់ប្រមាណជា ៧ ម៉ែត្រ ដែលធ្វើឱ្យរមណីយដ្ឋានទឹកធ្លាក់ថ្មដាធំ កាន់តែភាពស្រស់ស្អាតថែមមួយកម្រិតទៀត ។ ជាចុងក្រោយ ភ្ញៀវទេសចរអាចទៅទស្សនា ទឹកធ្លាក់ ឆាយដាច់ ដែលភ្ញៀវទេសចរស្គាល់ជាតំបន់ទឹកធ្លាក់មួយស្ថិតក្នុង ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ដែលនៅមិនឆ្ងាយប៉ុន្មានពី កាស៊ីណូចាស់ជាប់ព្រំដែនថៃ ។
ជាចុងក្រោយ អ្វីដែលភ្ញៀវទេសចរ ចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺការថតរូបយ៉ាងស្រស់ស្អាត់នៅតាមដងផ្លូវ ពិសេសនោះ ផ្លូវអន្ទង់អាំង ដែលស្អាតគ្មានពីរ នៅក្នុងប្រទេសកម្ពុជាយើង ដែលធ្វើឱ្យភ្ញៀវទេសចរមិនអាចបំភ្លេចបានឡើយ នូវដំណើរកម្សាន្តតាមផ្លូវលេខ ៥៥ នេះ៕
ដោយ៖ សុថាត់ (រូថត My Adventure Drive )