ឋានសួគ៌ពិតជាមានមែន! ប៉ុន្មានសន្លឹក ទេសភាពព្រឹកព្រលឹមនៅតំបន់អារ៉ែង សែនស្អាតក្រៃលែង
ប្រសិនបើភ្ញៀវទេសចរបានទៅទស្សនា នៅតំបន់អេកូទេសចរណ៍អារ៉ែង នៅរដូវវស្សា ពិសេសនៅពេលព្រឹកព្រលឹមនោះ ទេសភាពនៅតំបន់អារ៉ែងពិតជាស្រស់ស្អាតខ្លាំងណាស់ ។ យើងអាចទស្សនាថ្ងៃរះ ជាមួយនឹងទេសភាពព្រៃព្រឹក្សា ដោយអមជាមួយសំឡេងហ្វូងសត្វបក្សាបក្សី សត្វម្រឹគីម្រឹគាស្រែកយ៉ាងខ្ញៀវខ្ញារ កងរំពងពេញព្រៃ។
ពេលទៅដល់ទីនោះហើយ លោក អ្នកប្រាកដជាមិនខុសបំណងឡើយ ព្រោះនៅទីនោះ មានសក្តានុពលយ៉ាងខ្លាំងខាងផ្នែកអេកូទេសចរណ៍ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរក្នុងស្រុក ដោយសារនៅទីនោះ មានព្រៃភ្នំ និង ងូតទឹកជ្រោះ យ៉ាងត្រជាក់ចិត្ត ។
តំបន់អេកូទេសចរណ៍អារ៉ែង មានចម្ងាយប្រមាណជា ២៤ គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ។ តំបន់អេកូទេសចរណ៍អារ៉ែងនេះមានសក្តានុពលជាច្រើនសម្រាប់ទាក់ទាញអ្នកទេសចរ ដូចជា ព្រៃភ្នំ ទឹកជ្រោះ សត្វព្រៃ ត្រីនាគ ក្រពើភ្នំ រូងភ្នំបូរាណ និង របាំប្រពៃណី ។
នៅតំបន់អារ៉ែងរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងច្រើន ដើម្បីអភិរក្សតំបន់នេះ និង ប្រែក្លាយជាតំបន់អេកូទេសចរណ៍ ដ៏គួរឱ្យទាក់ទាញ ប្រៀបដូចជាស្ថានសួគ៌ ៕
ដោយ៖ សុថាត់ (រូបថត ម៉េង គឹមឡុង)