មានត្រឹម ៦ ម៉ឺនរៀល ទៅលេងភ្នំឧត្តុង្គ ថតរូបស្អាតៗ ដើរលេងញុំាអីម៉ាសប្បាយ!
បើនិយាយពីភ្នំឧត្តុង្គ ប្រជាពលរដ្ឋមួយចំនួនប្រាកដជាធ្លាប់បានទៅទស្សនា និងកម្សាន្ដលេងនៅទីនោះ ជាក់ជាមិនខាន។ ភ្នំនេះ មានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស ។ ភ្នំឧដុង្គមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីភាគពាយព្យនៃរាជធានីភ្នំពេញ។ ដើម្បីទៅដល់ទីនោះ យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ «ភ្នំពេញ-បាត់ដំបង» លុះដល់គីឡូម៉ែតលេខ៣៧ មានផ្លូវលំបែកចូលខាងឆ្វេងដៃចំងាយ ៣.៥ គ.ម ។
យោងតាមម្ចាស់គណនីផេក ដែលមានឈ្មោះថា Cavan & Images ដែលបានទៅលេងភ្នំឧត្តុង្គ កាលពីប៉ុន្មានសប្ដាហ៍មុន និងបានបង្ហោះរូបថតស្អាតៗជាច្រើនសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុក បាននិយាយប្រាប់គេហទំព័រ ប្រជាប្រិយថា នៅពេលទំនេរ ឬសម្រាកពីការងារ គឺមិត្តភក្ដិ ឬក្រុមគ្រួសារ រមែងតែងតែធ្វើដំណើរទៅកម្សាន្ដលេងនៅភ្នំឧត្តុង្គ ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល ថតរូបលេង និងទទួលទានអាហារឆ្ងាញ់ៗនៅទីនោះ ។
រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាពមួយនេះ មានទេសភាពស្រស់ត្រកាលនៅលើកំពូលភ្នំ មានកន្លែងអង្គុយលេងយ៉ាងរីករាយ ព្រមទាំងមានទីកន្លែងប្រវត្តិសាស្ត្រប្លែកៗ ដើម្បីឱ្យអ្នកដែលបានទៅទស្សនាបានសិក្សាររៀនសូត្របន្ថែមពីប្រវត្តិសាស្ត្រទៀតផង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ភ្នំឧត្តុង្គ ក្រៅពីមានទេសភាពដ៏ស្រស់ត្រកាល នៅទីនោះមានម្ហូបអាហារដាក់លក់យ៉ាងសម្បូរបែប ក្នុងតម្លៃសមរម្យបំផុត ដូចជា ត្រីអាំងតម្លៃត្រឹមតែ ៤ ០០០ រៀល, កង្កែបអាំងមួយចង្កាក់ ៣ ៥០០ រៀល, ប្រហុកដុត តម្លៃត្រឹមតែ ៤០០០ រៀល, ជ្រក់អង្ក្រង តម្លៃត្រឹមតែ ១៥០០ រៀលក្នុងមួយចាន ជាដើម។ យ៉ាងណាមិញ ចំពោះការធ្វើដំណើរកម្សាន្ដទៅកាន់តំបន់ប្រវត្តិសាស្ត្រមួយនេះម្ដងៗ គឺចំណាយថវិការផ្ទាល់ខ្លួនត្រឹមតែចន្លោះពី ៤ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ក្នុងម្នាក់។ ប្រសិនបើចង់ទៅកម្សាន្ដលេងគ្នាកាន់តែច្រើន គឺចំណាយកាន់តែអស់តិច ព្រោះតម្រូវឱ្យមានការចែករំលែកថវិការរួមគ្នា។ នេះជាការលើកឡើងបន្ថែមរបស់ ម្ចាស់គណនីផេក ដែលមានឈ្មោះថា Cavan & Images ៕ សូមទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត របស់ភ្នំឧត្តុង្គ តាមរយៈរូបភាពខាងក្រោម៖
ដោយ៖ សាន់
រូបភាពរក្សាសិទ្ធិដោយ៖ Cavan & Images