បានទៅលេងភូមិកសិទេសចរណ៍កម្ពុជា ទើបដឹងថា មានអារម្មណ៍ប្លែកយ៉ាងណា!
ក្រោយពីក្រសួងទេសចរណ៍ មានគោលនយោបាយថ្មីមួយ ក្នុងការបង្កើត ភូមិកសិទេសចរណ៍កម្ពុជាថ្មីមួយ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីផ្លាស់ប្តូរបរិយាកាសរបស់ភ្ញៀវទេសចរ ដែលទៅទស្សនាប្រាសាទបុរាណនានា នៅខេត្តសៀមរាបនោះ ឱ្យមកចាប់អារម្មណ៍ លើភូមិកសិទេសចរណ៍កម្ពុជាវិញម្តង ។ ពេលនេះ នៅភូមិកសិទេសចរណ៍កម្ពុជា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។
ភូមិកសិទេសចរណ៍កម្ពុជា ត្រូវបានបង្កើតឡើង តាំងពីដើមឆ្នាំ ២០១៩ មកម្ល៉េះ ភូមិនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ នៅទីនោះ បានផ្តល់ជូននូវទិសដៅទេសចរណ៍ជាលើកដំបូង ជាមួយនឹងអ្វីៗជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរទស្សនា ។ នៅតាមភូមិឋានអ្នកស្រុក មានសួនច្បារ សួនផ្កាចម្រុះពណ៌ និង មានសួនបន្លែ មានទេសភាព សួនដំណាំ វាលស្រែ ចម្ការ និង ការទស្សនាសត្វស្លាបជាដើម ។
នៅពេលចូលទៅទស្សនា នៅក្នុងភូមិកសិទេសចរណ៍កម្ពុជា ភ្ញៀវទេសចរនឹងបានឃើញនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន នៃជីវិតពិតរបស់ប្រជាពលរដ្ឋខ្មែរនៅតាមជនបទរបស់កសិករក្នុងប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយកសិកម្ម និង សិប្បកម្មក្នុងស្រុក ដែលចូលរួមបង្ហាញឱ្យភ្ញៀវទេសចរ ស្គាល់ និង រៀនសូត្រពីការស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកនៃទីជនបទ ព្រមទាំងស្វែងយល់ពីសិល្បៈ និង វប្បធម៌ប្រពៃណីខ្មែរ ដ៏សម្បូរបែបរបស់ប្រជាជនខ្មែរទៀតផង ៕
ដោយ៖សុថាត់ (រូបថត ទេសចរណ៍-Tourism)