ប៉ុន្មានកន្លែងនៅថៃ ត្រូវប៉ាន់បំផុតសម្រាប់អ្នកចូលចិត្តដើរទិញឥវ៉ាន់
អ្នកទាំងអស់គ្នា ដែលនិយមដើរលេងកម្សាន្តក្នុងប្រទេសថៃ ប្រាកដណាស់ គឺមិនអាចរំលងការដើរទិញឥវ៉ាន់ឡើយ ដូច្នេះ ដើម្បីជាការចែករំលែក សម្រាប់អ្នកដែលមិនធ្លាប់បានទៅសស់ ឬអ្នកដែលធ្លាប់បានទៅហើយ តែមិនទាន់បានស្គាល់កន្លែងអស់ ខាងក្រោមនេះ ជាបណ្ដាកន្លែងសំខាន់ និងល្បីៗមួយចំនួន ដែលល្អបំផុតសម្រាប់អ្នកចូលចិត្តដើរទិញឥវ៉ាន់ ។
១. ផ្សារចតុចក្រ (Chatuchak)
ចតុចក្រជាកន្លែងមួយដែលអ្នកទេសចរទាំងឡាយមិនដែលរំលង ។ វាជាកន្លែងដ៏ល្អបំផុតសម្រាប់ទិញវត្ថុអនុស្សាវរីយ៍ រួមនឹងរបស់របរផ្សេងៗទៀត ។ អ្វីដែលជាចំណុចពិសេសរបស់ផ្សានេះគឺ វាមានទំហំធំ ដែលអ្នកទាំងអស់គ្នាអាចស្វែងរករបស់គ្រប់យ៉ាងនៅក្នុងកន្លែងនេះ ។ ផ្សាចតុចក្រមានតូបរហូតដល់ ៨០០០ ដែលធ្វើឲ្យផ្សាមួយនេះ ក្លាយជាផ្សាមួយដ៏ធំជាងគេក្នុងប្រទេសថៃ ។
២. ផ្សារប្រាទូណាម (Pratunam)
ប្រាទូណាម គឺជាកន្លែងមួយដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុតសម្រាប់អ្នកស្រុកថៃផ្ទាល់ រួមទាំងអ្នកទេសចរដែលចូលចិត្តទិញឥវ៉ាន់ជាលក្ខណៈបោះដុំ ។ អ្វីដែលពិសេសចំពោះផ្សានេះ គឺថា នៅតាមតូបភាគច្រើន គឺនឹងរៀបចំការវិចខ្ចប់ឥវ៉ាន់ និងដឹកជញ្ជូនឲ្យលោកអ្នកទៅដល់សណ្ឋាគារផ្ទាល់ ដោយមិនបាច់ចំណាយកម្លាំងយួរឥវ៉ាន់ច្រើន ។ ដោយផ្សាមួយនេះ ភាគច្រើនជាកន្លែងលក់ឥវ៉ាន់បោះដុំ ដូច្នេះ តម្លៃគឺមានការសមរម្យខ្លាំងជាងផ្សាដទៃ ។
៣. Siam Square
Siam Square ជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តសម្លៀកបំពាក់ និងរបស់ស៊ីវិល័យ ពេញនិយម ទាន់សម័យ ។ អ្នកទាំងអស់គ្នា អាចស្វែងរកបានរបស់ទំនើប ថ្មីៗ កំពុងពេញនិយម នៅតំបន់ផ្សាមួយនេះ ។
៤. Chinatown Market
អ្នកទាំងអស់គ្នាអាចស្វែងរកវត្តបុរាណចិននៅទីនេះ ។ Chinatown គឺជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរមួយប្រចាំទីក្រុងបាងកក ។ ជាមួយនឹងតូប និងអាហារចម្រុះមុខជាច្រើន ប្រិយមិត្តអាចភ្លក់រសជាតិអាហារឆ្ងាញ់បែបចិន និងបែបថៃគ្រប់មុខនៅទីនេះ ។
៥. Bangkok Flower Market
សម្រាប់អ្នកដែលចូលចិត្តផ្កា កន្លែងមួយនេះ គឺស័ក្ដិសមបំផុត ។ Bangkok Flower Market គឺជាផ្សាបោះដុំ និងលក់រាយផ្កាស្រស់ដ៏ធំបំផុតក្នុងទីក្រុងបាងកក ។ អ្នកទាំងអស់គ្នា អាចស្វែងរកផ្កាគ្រប់ប្រភេទនៅទីនេះ ជាមួយតម្លៃថោកសមរម្យបំផុត ។
៦. Platinum Fashion Mall
អ្នកដែលចូលចិត្តដើរទិញឥវ៉ាន់ គឺមិនដែលរំលងផ្សាមួយនេះឡើយ ។ ជាមួយតូបសរុបចំនួន ២៥០០ តូប អ្នកទាំងអស់គ្នា អាចទិញសម្លៀកបំពាក់ម៉ូដថ្មីៗ និងគ្រឿងតុបតែងខ្លួនក្នុងតម្លៃបោះដុំនៅទីនេះ ។
៧. Talad Rot Fai Srinakarin Night Market
ផ្សារាត្រី Talad Rot Fai គឺភាគច្រើនទាក់ទាញចំពោះក្មេងៗជំទង់ៗ ដែលនិយមដើរលេង និងទិញឥវ៉ាន់។ នៅទីនេះ មានលក់វត្ថុបែបបុរាណៗជាច្រើន រួមទាំងចំណីអាហារដែលមានឱជារសឆ្ងាញ់ ។
៨. Central World
Central World ជាផ្សារទំនើបធំជាងគេក្នុងប្រទេសថៃ ។ ក្នុងផ្សានេះ មានលក់របស់គ្រប់យ៉ាង រាប់ចាប់ពី របស់របរទំនើបៗ ភោជនីយដ្ឋាន រហូតដល់កន្លែងកម្សាន្តផ្សេងៗ ។
៩. Terminal 21
Terminal 21 ជាផ្សាទំនើបដ៏ប្លែកជាងគេមួយប្រចាំប្រទេសថៃ ជាមួយនឹង concept សម្រាប់អ្នកទេសចរ ។ នៅតាមជាន់នីមួយៗ នៃផ្សាទំនើបមួយនេះ គឺធ្វើទៅតាមទីក្រុងល្បីៗលើពិភពលោក ដូចជា ទីក្រុង Rome, Paris, London, Istanbul, Tokyo, San Francisco និង Hollywood ។ អ្នកទាំងអស់គ្នា ក៏អាចដើរទស្សនា និងទិញសម្លៀកបំពាក់ដែលប្រកបដោយគុណភាពខ្ពស់នៅទីនេះផងដែរ ។
១០. Siam Paragon
នៅជាន់ផ្ទាល់ដី គឺមានតូបអាហារដ៏ធំមួយ និងនៅទីនេះ ក៏មានភោជនីយដ្ឋានអន្តរជាតិធំៗជាច្រើនផងដែរ រួមទាំងកន្លែងលក់ឥវ៉ាន់ប្រណីតៗជាច្រើនទៀត ។
១១. Siam Center
កន្លែងនេះ មានទីតាំងជាប់គ្នានឹង Siam Paragon ហើយក៏មានទំហំធំ មិនចាញ់ Paragon និង Central World ដែរ ។
១២. Damnoen Saduak Floating Market
លោកអ្នកអាចចំណាយពេលជាមួយបទពិសោធនៃការទិញឥវ៉ាន់បែបថ្មីនៅទីនេះ ។ Damnoen Saduak ជាផ្សាលើទឹកមួយ ដែលប្រមូលផ្ដុំដោយអាហារបែបថៃ បន្លែ ផ្លែឈើ រួមនឹងសម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន ។
១៣. Big C Super-center
Big C ចាត់ចូលជាផ្សាទំនើបធំមួយប្រចាំប្រទេសថៃដែរ ។ នៅទីនេះ លោកអ្នកអាចដើរទស្សនា និងទិញរបស់របរគ្រប់បែបយ៉ាង ជាមួយនឹងតម្លៃសមរម្យ រួមនឹងការបញ្ចុះតម្លៃលើផលិតផលជាច្រើន ៕
ដោយ៖ ភក្ត្រា
ប្រភព៖ Travelog.com