ឃើញទេសភាពទឹកធ្លាក់ឆាយតាប៉ាងស្រស់ស្អាតបែបនេះ ចង់ទៅលេងភ្លាម !
តំបន់អារ៉ែង ត្រូវបានគេចាត់ទុកជាតំបន់ដ៏អស្ចារ្យមួយ ដែលមានទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញ់ភាគកណ្តាល នាខេត្តកោះកុង តំបន់នេះ ជាកន្លែងដ៏ទាក់ទាញ និង គួរឱ្យចាប់អារម្មណ៍បំផុត ព្រោះវាជាជម្រករបស់សត្វព្រៃកម្រជាច្រើនប្រភេទ ដែលមានដូចជា ក្រពើភ្នំ ត្រីនាគ ដំរីព្រៃ ប្រភេទខ្លាត្រី កងកេង ។ ល។
ក្រៅពីនេះ នៅតំបន់ អារ៉ែង ក៏មានទឹកធ្លាក់យ៉ាងស្រស់ស្អាត់រាប់មិនអស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ ។ ទឹកធ្លាក់ឆាយ តាប៉ាងគឺជាទឹកធ្លាក់ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត ក្នុងតំបន់អារ៉ែង ដែលមានកម្ពស់រហូតដល់ទៅ ១៥០ ម៉ែត្រ និង ជាទីចាប់អារម្មណ៍បំផុត សម្រាប់ភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះ ។
ទឹកធ្លាក់ឆាយតាប៉ាង មានទីតាំងស្ថិតនៅក្នុង ភូមិចំណារ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង គឺនៅក្នុងព្រៃជ្រៅ មានចម្ងាយប្រមាណជា ២៤ គីឡូម៉ែត្រ ពីស្នាក់ការសហគមន៍ជីផាត ។ ក្រៅពីទស្សនា ទឹកធ្លាក់យ៉ាងស្រស់ត្រកាលគ្មានពីរហើយនោះ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការទស្សនាសត្វស្លាបនានា ជាច្រើនប្រភេទ ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ដោយមានការការពារយ៉ាងល្អពីសហគមន៍ផងដែរ ៕
ដោយ៖សុថាត់