តំបន់អេកូទេសចរណ៍ថ្មី ទឹកធ្លាក់យ៉ាក់កែ និង វាលយ៉ាក់កងក្រៀវ មានភាពទាក់ទាញខ្លាំង
តំបន់ទឹកធ្លាក់យ៉ាក់កែ និង វាលយ៉ាក់កងក្រៀវ នៅក្នុងមណ្ឌលយ៉ននៃឧទ្យានវីរៈជ័យ ខេត្តរតនគិរី គឺជាតំបន់អេកូទេសចរណ៍ថ្មីមួយ ដែលភ្ញៀវទេសចរអាចចូលទៅទស្សនាកម្សាន្តបានដោយថ្មើរជើងប៉ុណ្ណោះ ។ ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរ អាចចេញដំណើរពីមជ្ឈមណ្ឌលអេកូទេសចរណ៍ធម្មជាតិ ឧទ្យានជាតិវីរៈជ័យរបស់មន្ទីរបរិស្ថាន ឆ្ពោះទៅស្រុកតាវែង រួចធ្វើដំណើរបន្ត ដោយទូកតាមដងទន្លេសេសាន និង អូរតាបូករហូតដល់ ភូមិ មណ្ឌលយ៉ន។ នៅក្នុងនោះមាន ២តំបន់ ដែលមានសក្តានុពលគឺ ទឹកធ្លាក់កែ និង វាលភ្នំយ៉ាកកងក្រៀវ។
តាមការរៀបរាប់របស់អ្នកនាំផ្លូវបានឱ្យដឹងថា ពីស្រុកតាវែង ជិះទូកឡើងទៅលើឆ្លងកាត់ទន្លេសេសាន និង អូរតាបូក រហូតដល់មណ្ឌលយ៉ន មានចម្ងាយប្រហែលជា ១៥ គីឡូម៉ែត្រ ។ ពីភូមិមណ្ឌលយ៉ន ឆ្ពោះទៅលើភ្នំយ៉ាកកងក្រៀវមានបឹងតូចមួយ នៅចំកណ្តាល ។ ការធ្វើដំណើរភ្ញៀវទេសចរអាចជិះទូកនៅតាមដងទន្លេសេសាន និង តាមដងអូរតាបូក ហើយអាចទស្សនានូវទេសភាពស្អាតៗតាមដងទន្លេហើយពេលខ្លះអាចឃើញសត្វស្លាប និង សត្វស្វាផងដែរ ។
ឯចំណែកប្រជាជនគឺបងប្អូនជនជាតិដើមភាគតិច(ព្រៅ)នៅភូមិ(មណ្ឌលយ៉ន)នៅពេលទៅដល់ភូមិនោះហើយ ក៏មានផ្ទះសំណាក់សម្រាប់ស្នាក់នៅ ហើយក៏អាចទទួលយកនូវបទពិសោធន៍ វប្បធម៌រួមជាមួយម្ហូប និង ស្រាពាងជាមួយបងប្អូនជនជាតិដើមភាគតិចយើងផងដែរ។ ជាពិសេសជាងនេះទៅទៀត អាចយកបទពិសោធន៍នៃការដើរថ្មើរជើងចូលទៅក្នុងឧទ្យានជាតិវីរៈជ័យ ប្រាកដជាមានការសប្បាយរីករាយជាមួយប្រភេទសត្វព្រៃ និង រុក្ខជាតិខុសៗគ្នា ដូចជាព្រៃ គឺឆ្លងកាត់ស្ពាន អូរតូចៗ ព្រៃឬស្សី ផ្កាស្អាតៗ ព្រៃឈើធំ និង ទេសភាពដ៏អស្ចា្យនៅជុំវិញខ្លួនជាច្រើន ដែលហៅថា ភ្នំយ៉ាកកងក្រៀវ នោះ ស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ។
នៅពេលចូលទៅដល់ព្រៃជ្រៅនោះ មានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយ៉ាកកែ)នៅរដូវវស្សាមានទឹកធ្លាក់ស្រស់ស្អាតខ្លាំងណាស់ ដែលធ្វើឱ្យភ្ញៀវទេសចរមានការជក់ចិត្ត ដិតអារម្មណ៍ ។ ការរៀបចំបោះជំរុំវិញ ដូចជាអង្រឹងចងពីដើមឈើមួយទៅដើមមួយ និង ប្រក់តង់ពីលើនាពេលយប់អាចបង្កាត់ភ្លើងសម្រាប់ចំអិនអាហារ និង គេងសណ្តាប់នូវសម្លេងសត្វនាពេលយប់ជ្រៅផងដែរ ៕
ដោយ៖សុថាត់