ទេសភាពស្អាតបែបនេះ ទៅខេត្តកំពតលើក្រោយ បើមិនទៅលេងពិតជាស្តាយ
ឱ្យតែជិតដល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋមួយចំនួនតែងតែនាំគ្នារកកន្លែង ឬ តំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនដើម្បីបន្ធូរអារម្មណ៍នឿយហត់ពីការងារ ដូច្នេះយើងសូមលើកយករមណីយដ្ឋានមួយនៅក្នុងភូមិសាស្ត្រខេត្ត កំពត ដើម្បីបានដឹង និង ស្គាល់ ព្រមទាំងនាំគ្នាទៅលេងទីនោះ ដោយសប្បាយរីករាយ ។
រមណីយដ្ឋាន “ សង់ ដាមួរ “ ( Champs D’Amour ) ជាកន្លែងកម្សាន្តធម្មជាតិ ដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ក្នុងតំបន់ ( ទំនប់ប្រទក្សក្រឡា ) ។
ភ្ញៀវទេសចរ ដែលបានទៅដល់រមណីយដ្ឋាននេះ តែងតែនាំគ្នាសរសើរមិនដាច់ពីមាត់ ព្រោះពួកគាត់ទទួលបានអារម្មណ៍ប្លែកតាមរយៈទេសភាពព័ទ្ធជុំវិញទៅដោយជួរភ្នំ ចម្ការទុរេន សាវម៉ាវ ម្រេច ជួរបឹងដែលមានទឹកថ្លាគួរឱ្យចង់គយគន់។ ក្រៅពីមានទេសភាពស្អាតហើយ រមណីយដ្ឋាននេះ ក៏មានកន្លែងស្នាក់នៅដ៏មានផាសុកភាពផងដែរ គឺមានផ្ទះសង់ពីឈើ នៅដាច់ៗពីគ្នា និង ការតុបតែងនៅខាងក្នុងយ៉ាងមានរបៀបរៀបរយ តាមលក្ខណៈបុរាណ ដែលអាចស្នាក់នៅជាលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ ឬ គូស្នេហ៍ ព្រមទាំងមានទីធ្លាសម្រាប់បោះតង់ផងដែរ ។ ដូច្នេះភ្ញៀវទេសចរអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត ៕
ដោយ ៖ ដេវីត