បានទៅដល់ខេត្តក្រចេះ កុំភ្លេចទៅកម្សាន្ត និង បោះតង់នៅកោះសាមសិប
រាល់ថ្ងៃនេះ ឱ្យតែមានពេលទំនេរ ឬ សម្រាកពីការងារនោះ គេតែងតែនាំគ្នារកកន្លែងដើរកម្សាន្ត ដូច្នេះយើងសូមលើកយករមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយ នៅលើទឹកដីខេត្តក្រចេះគឺកោះសាមសិប ភ្ញៀវទេសចរមួយចំនួន ដែលចូលចិត្តធ្វើដំណើរដោយការផ្សងព្រេង និង បោះតង់សម្រាកលម្ហែកាយនោះ ឱ្យតែពួកគាត់ទៅដល់ខេត្តក្រចេះហើយនោះ គឺពួកគាត់តែងតែទៅបោះតង់សម្រាកលម្ហែកាយ នៅកោះសាមសិបនោះពុំដែលខកខានឡើយ ។
កោះសាមសិបនោះ ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង សហគមន៍ទេសចរណ៍ កោះ សាមសិប ជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចជាឋានសួគ៌លើដី ដែលមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មានឡើយ ។
តំបន់ទេសចរណ៍ធម្មជាតិដ៏វិសេសវិសាលនេះ សម្បូរទៅដោយកោះរាប់រយ គ្របដណ្ដប់ដោយព្រៃឈើបៃតងខ្ចី តែមានកោះប្រមាណជាង ៣០ មានវាលខ្សាច់សក្បុស មិនលិចទឹកទាំងរដូវប្រាំង និង រដូវវស្សា ព្រមទាំងរំលេចជាទេសភាពស្អាតឥតខ្ចោះ ទើបប្រជាជនក្នុងសហគមន៍មូលមតិគ្នាដាក់ឈ្មោះថា «សហគមន៍ទេសចរណ៍កោះសាមសិប» ។
ទៅដើរកម្សាន្តនៅកោះ សាមសិប លោកអ្នកនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយប្លែក តាម រយៈការផ្លាស់ប្តូរបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរកម្សាន្តនេះ ។
នៅទីនោះគេនឹងបានទស្សនាព្រៃលិចទឹកដ៏កម្របំផុតនៅកម្ពុជា ទស្សនាសត្វស្លាបប្រមាណជា ២១៨ ប្រភេទ ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ដំណើរកម្សាន្តជិះទូកគយគន់ព្រៃលិចទឹក និង ថ្ងៃរៀបលិចដ៏ស្រស់ស្អាត ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច ការនេសាទត្រីបែបប្រពៃណីអ្នកស្រុក ការងូតទឹកលេងកម្សាន្តជាដើម ដែលទាំងអស់នេះ ជាអ្វីដែលមាននៅលើកោះ សាមសិប ។ សម្រាប់ការបោះតង់វិញគឺការស្នាក់នៅក្នុងតង់ម្នាក់ ៥ ដុល្លារទាំងខ្មែរ និង បរទេស ។ ចំណែកអាហារវិញ ព្រឹក ២ ដុល្លារ, ថ្ងៃ និង ល្ងាច ៣ ដុល្លារ សម្រាប់ភ្ញៀវខ្មែរ និង សម្រាប់ភ្ញៀវបរទេស ព្រឹក ២ ដុល្លារ ហើយថ្ងៃ និង ល្ងាច ៤ ដុល្លារ ៕
ដោយ ៖ដេវីត