វ៉ៃឱ្យចេញតែ ៨០ ដុល្លារមក ទៅគេងមណ្ឌលគីរី ២ យប់ ដើរលេង ១០ កន្លែងស្អាតៗសប្បាយបំផុត
មណ្ឌលគីរីទឹកដីដ៏សែនមនោរម្យគ្របដណ្ដប់ធម្មជាតិខៀវខ្ចី និង អាកាសធាតុដ៏ត្រជាក់គ្រប់រដូវកាល ជាទីកន្លែងដែលគ្រប់គ្នាប្រាថ្នាចង់ទៅដល់ ។ នៅថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញអំពីបទពិសោធន៍ របស់យុវជនមួយក្រុមបានធ្វើដំណើរកម្សាន្តនៅទឹកដីប៉ែកឦសាននេះ អស់ម្នាក់ត្រឹមតែ ៨០ ដុល្លារ គេងបាន ២ យប់ និង ដើរលេងជាច្រើនកន្លែង ។ តើពួកគេមានវិធីបែកចែកការចំណាយយ៉ាងដូចម្ដេច?
១. ចំណាយទៅលើមធ្យោបាយធ្វើដំណើរ
ដើម្បីចំណេញពេលវេលាសម្រាប់ធ្វើដំណើរកម្សាន្ត យើងអាចសម្រេចចិត្តជិះរថយន្តក្រុងនៅពេលយប់ ។ ការធ្វើដំណើរពេលយប់នេះអាចកាត់បន្ថយអារម្មណ៍រង់ចាំអំឡុងពេលធ្វើដំណើរ ព្រោះគេងលក់ បើកភ្នែកមកដល់មណ្ឌលគីរីបាត់ ។ ចេញពីភ្នំពេញម៉ោង ៧ កន្លះយប់ ទៅដល់មណ្ឌលគីរីម៉ោងប្រហែល ៣ ទៀបភ្លឺ ។ រីឯការចំណាយទាំងទៅទាំងមកម្នាក់ ២០ ដុល្លារ ។
២. ការចំណាយទៅថ្លៃផ្ទះសំណាក់
តាមពិតទៅដើរលេងសប្បាយៗគ្នាឯងបែបនេះ មិនបាច់ទៅគេងផ្ទះឯណាថ្លៃពេកទេ ព្រោះគោលដៅយើងទៅដើរលេង ។ គេងត្រឹមមួយយប់ ១៥ ដុល្លារសមរម្យបំផុត ។ ដូច្នេះបើទៅ ២ យប់អស់ថ្លៃគេង ម្នាក់ ៣០ ដុល្លារ ។ ហើយផ្ទះសំណាក់នេះដែរ អាចកក់ទុកមុនឱ្យហើយពេលទៅដល់ សម្រាកមួយភ្លែត ហើយរៀបចំដើរលេងសម្រាប់ថ្ងៃដំបូងតែម្ដង ។
៣. ការចំណាយលើថ្លៃអាហារ និង ការដើរកម្សាន្ត
ការដើរកម្សាន្តនៅថ្ងៃទី១
ក្រោយរៀបចំខ្លួនស្លៀកពាក់រួច គឺប្រញាប់រួសរាន់រកអីញ៉ាំនៅក្នុងក្រុងសែនមនោរម្យតែម្ដង ។ អាហារពេលព្រឹកនេះអស់ម្នាក់ត្រឹមតែ ១ ម៉ឺនរៀលយ៉ាងច្រើន អាចញ៉ាំជាបាយមាន់ គុយទាវ មីស៊ុបជាដើម ។ មួយទៀតគួរទិញបាយ ភេសជ្ជៈ ពីក្នុងក្រុង វេចទៅញ៉ាំតែម្ដងកុំឱ្យចំណាយច្រើន ។ បន្ទាប់មកយើងបន្តដំណើរទៅកន្លែងផ្សេងៗជាច្រើនដូចជា ៖
១. ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រារាងឆ្ងាយពីក្រុងគួរសម ។ ដូច្នេះយើងគួរទៅមុនគេតែម្ដង ដើម្បីមានពេលដើរកន្លែងជិតៗបានច្រើន ។ ចេញពីក្រុងសែនមនោរម្យម៉ោង ៧ ព្រឹក យើងនឹងទៅដល់ទីនោះម៉ោងប្រហែល ៧ កន្លះ ។ យើងអាចងូតទឹកលេង ថតរូបហើយ បន្ទាប់មកក៏បន្តទៅមួយកន្លែងទៀត ។
២. អូរផ្លាយ
ជាកន្លែងលេងកម្សាន្តថ្មី នៅតាមផ្លូវទៅទឹកជ្រោះប៊ូស្រាដែរ នៅស្របតាមផ្លូវឆ្ពោះទៅស្រុកពេជ្រដា មានទីតាំងជាប់ផ្លូវតែម្ដង ។ ចូលតាមក្លោងទ្វារប្រហែលតែ ១០០ ម៉ែត្រប៉ុនណោះ យើងនឹងឃើញទឹកអូរដ៏ស្រស់ស្អាតបំផុត ។ ទីនេះដែរក៏ជាពេលដែលយើងអាចញ៉ាំអាហារថ្ងៃត្រង់ក្រោមម្លប់ឈើ និង ងូតទឹកលេងយ៉ាងសប្បាយ ។ សម្រាកបាត់ហត់បន្តិចយើងនឹងបន្តទៅមួយកន្លែងទៀត ។
៣. បន្តដំណើរទៅកាន់សួនចិញ្ចឹមសត្វក្ដាន់
នៅទីនេះមានឈ្មោះថា «មូលនិធិមយូរ៉ាការពារសត្វព្រៃ» យើងត្រូវធ្វើដំណើរឆ្ងាយគួរសម ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រដា ។ ធ្វើដំណើរតាមផ្លូវកៅស៊ូ បន្ទាប់មកយើងត្រូវធ្វើដំណើរតាមផ្លូវលំ កាត់ព្រៃភ្នំ កាត់ចំការកៅស៊ូ ប្រហែលជាង ១ ម៉ោងនឹងទៅដល់ទីនោះ ដែលមានចិញ្ចឹមសត្វក្ដាន់ ក្ងោក ជ្រូកព្រៃ ជាដើម ។
៤. ទស្សនាថ្ងៃរៀបលិចនៅសមុទ្រឈើ
រសៀលប្រហែលម៉ោង ៤ យើងត្រឡប់ចូលមកក្នុងក្រុងសែនមនោរម្យវិញ បន្ទាប់ពីយើងទៅកន្លែងឆ្ងាយៗហើយ ។ ជាពេលថ្ងៃរៀបលិចស័ក្ដិសមបំផុត ទៅទស្សនាសមុទ្រឈើ លាតសន្ធឹងរាប់រយហិកតា មានទីតាំងក្នុងក្រុងតែម្ដង ពិសេសព្រះអាទិត្យជះពន្លឺពណ៌មាសគ្របដណ្ដប់លើព្រៃឈើ បង្កើតបានជាទេសភាពដ៏ស្អាតរកថាមិនត្រូវ ។
៥. ចូលទស្សនារមណីយដ្ឋានចំការកាហ្វេ
រមណីយដ្ឋាននេះ មិនឆ្ងាយប៉ុន្មានពីសមុទ្រឈើឡើយ យើងអាចចូលទស្សនា ដើមកាហ្វេ និង គ្រាប់កាហ្វេដោយផ្ទាល់ភ្នែក ។ នៅទីនេះក៏ស្អាតមិនធម្មតាដែរ មានទឹកបឹងមួយដ៏ស្អាតក្នុងចំការទៀតផង ។
ដំណើរកម្សាន្តថ្ងៃទីមួយក៏បញ្ចប់ យើងត្រូវទិញបាយ និង ម្ហូបស្រាប់នៅក្នុងក្រុងសែនមនោរម្យញ៉ាំ តែបើនិយាយពីរសជាតិវិញ ម្ហូបរបស់អ្នកប៉ែកឦសានឆ្ងាញ់ៗមិនធម្មតាទេ ពិសេសធូរថ្លៃ ។ អស់ម្នាក់មិនដល់ ២ ម៉ឺនរៀលផងហូបមួយឆ្អែត ។
ការធ្វើដំណើរកម្សាន្តនៅថ្ងៃទី២
១. ទៅកាន់ភ្នំណាមលៀរផ្ទាំងថ្មដ៏ធំមហិមាកណ្ដាលមេឃ
ការទទួលទានអាហារមិនខុសពីថ្ងៃទី ១ ។ តែថ្ងៃទី២ នេះយើងនឹងទៅតំបន់មួយហាក់ឆ្ងាយពីទីរួមខេត្តបន្តិច គឺប្រមាណជាង ៤០ គីឡូម៉ែត្រ ។ ទីនោះគឺភ្នំណាមលៀរ ដែលមានទេសស្អាតខ្លាំងបំផុត កំពុងល្បី ជាភ្នំថ្ម មានតែថ្មសុទ្ធរហូតដល់ ១ ម៉ឺនហិកតា មានព្រៃភ្នំហ៊ុមព័ទ្ធជុំវិញ ។ វាប្រៀបដូចជាផ្ទាំងថ្មដ៏ធំមហិមាកណ្ដាលមេឃអ៊ីចឹង ។
២. ទៅភ្នំដោះក្រមុំ
ដោយសារយើងត្រូវចំណាយពេលយូរនៅឯភ្នំណាមលៀរ យើងត្រឡប់មកក្នុងក្រុងវិញរសៀលណាស់ទៅហើយ ។ កន្លែងមួយមិនគួររំលងគឺភ្នំ ដោះក្រមុំ ជាកន្លែងដែលអាចមើលឃើញទិដ្ឋភាពក្រុងសែនមនោរម្យទាំងមួលតែម្ដង ។
បន្ទាប់ពីមើលថ្ងៃរៀបលិច និង អុជធូបបន់ស្រន់នៅភ្នំដោះក្រមុំរួចហើយ ក៏ជាពេលដែលត្រូវញ៉ាំអាហារពេលល្ងាច និង ចូលសម្រាកតែម្ដង ។ រីឯការចំណាយថ្ងៃទី២នេះ ក៏មិនខុសពីថ្ងៃទី១ ដែរ ។
ដំណើរកម្សាន្តមួយព្រឹកចុងក្រោយ
១. យើងទៅស្រូបខ្យល់អាកាសដ៏បរិសុទ្ធតាមផ្លូវទៅដាក់ដាំ និង ឈៀងចូលអណ្ដូងស្នេហ៍
ព្រឹកព្រលឹមអាកាសធាតុត្រជាក់ខ្លាំង យើងបន្តដំណើរទៅកាន់ឋានសួគ៌ក្រោមមេឃមួយទៀត គឺផ្លូវទៅដាក់ដាំ ។ ទេសភាពស្អាតក្រៃលែងតាមដងផ្លូវ មានវាលស្មៅលាតសន្ធឹងដាច់កន្ទុយភ្នែក ធ្វើឱ្យយើងរំភើបចិត្តជាខ្លាំងជាមួយសម្រស់ធម្មជាតិ ។ យើងអាចធ្វើដំណើរតាមផ្លូវនេះរហូត ដល់ព្រំដែនវៀតណាម ។ បន្ទាប់មកយើងទៅថតរូបនៅភ្នំអណ្ដូងស្នេហ៍ ដែលមានទេសភាពស្អាតខ្លាំងបំផុត ។
២. គោលដៅចុងក្រោយ គឺទឹកធ្លាក់ជ្រៃធំ
ទឹកធ្លាក់ជ្រៃធំ ស្ថិតនៅតាមបណ្ដោយផ្លូវទៅដាក់ដាំដែរ ។ យើងអាចទៅញ៉ាំអាហារថ្ងៃត្រង់នៅទីនោះ ជាមួយម្ហូបអាហាររបស់អ្នកស្រុក តម្លៃសមរម្យបំផុត អស់ត្រឹមម្នាក់ ២ ម៉ឺនរៀលហូបមិនចង់អស់ ។ យើងអាចសម្រាកកាយ គេងស្រូបថាមពល និង ស្ដាប់សំឡេងទឹកជ្រោះ ពិសេសអាកាសធាតុត្រជាក់ស្ទើរតែចង់កកតែម្ដង ។
ដំណើរកម្សាន្តសរុប ២ ថ្ងៃកន្លះ ក៏ត្រូវបានបញ្ចប់ សរុបការចំណាយអស់មិនដល់ ១០០ដុល្លារផង សប្បាយបែបសាមញ្ញៗ តែមានន័យ និងបន្សល់ទុកនូវអានុស្សាវរីយ៍ជាច្រើន។ អូហ៍!! សូមបញ្ជាក់មួយទៀត ចំពោះការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ផ្សេងៗនោះ គឺជួលម៉ូតូគេជិះ ៕
អត្ថបទ និង រូបភាព ៖ ថោ ច័ន្ទឬទ្ធិ