បើបានទៅដល់ខេត្តកែប កុំភ្លេចទៅលេងសួនមេអំបៅ !
សួនមេអំបៅ ជារមណីយដ្ឋានទេសចរមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរមកពីទីជិត ឆ្ងាយ សួនមេអំបៅនេះ មានទីតាំងស្ថិតនៅក្នុងក្រុងកែប មានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រពីមាត់ឆ្នេរស្រី ស ដែលត្រូវបានបង្កើតឡើង កាលអំឡុងឆ្នាំ ២០១២ ដោយមាន Mr George ជាជនជាតិអារិកកាំង ជាអ្នកផ្តួចផ្តើម ហើយក្រោយពីបានកសាងសួនមេអំបៅបានរួចរាល់កាលណា ភ្ញៀវក៏ចាប់ផ្តើមទៅទស្សនាកម្សាន្តជាហូរហែមិនចេះដាច់ ។
បើលោក អ្នកបានទៅកម្សាន្តនៅទីនោះ ពិតជាធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រស់ស្រាយជាពុំខាន ព្រោះថា កន្លែងនោះមានអាកាសធាតុល្អ អមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលគ្មានពីរ ហើយក្នុងបរិវេណទាំងមូលមានរំលេចទៅដោយសួនផ្កាចម្រុះពណ៌គ្រប់ប្រភេទ មានសួនចិញ្ចឹមមេអំបៅ មានអាងចិញ្ចឹមត្រី មានទ្រុងចិញ្ចឹមដង្កូវនាង មានអាហារដ្ឋានសម្រាប់បម្រើសេវាដល់ភ្ញៀវយ៉ាងសមរម្យផងដែរ។
លើសពីនេះ ទីតាំងសួនមេអំបៅក្នុងខេត្តកែប ត្រូវបានគ្របដណ្តប់ទៅដោយរុក្ខជាតិហូបផ្លែគ្រប់ប្រភេទ ដែលធ្វើឱ្យក្រុមអ្នកទេសចរចូលទៅលម្ហែកម្សាន្តហើយ មានការជក់ចិត្តដិតអារម្មណ៍ ព្រោះនៅទីនោះមានទេសភាពស្អាតប្លែក ។
ការចូលទស្សនាក្នុងសួនមេអំបៅ បើជាភ្ញៀវបរទេសត្រូវទិញសំបុត្រក្នុងតម្លៃចាប់ពី ១ដុល្លារ រហូតដល់ ៣ ដុល្លារ តាមថេរៈវេលាយូរ ឬ ឆាប់ ប៉ុន្តែបើភ្ញៀវជាតិមិនតម្រូវឱ្យទិញសំបុត្រឡើយ បើទោះជាចូលទៅលម្ហែកាយប៉ុន្មានម៉ោងក៏បានដែរ ដោយគ្រាន់តែចូលរួមបរិច្ចាគបន្តិចបន្តួចតាមសទ្ធា សម្រាប់ចូលរួមមូលនិធិសង្គមប៉ុណ្ណោះ។
បើតាមអ្នកគ្រប់គ្រងនៅទីនោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តនៅក្នុងសួនមេអំបៅនេះ មិនដែលដាច់ឡើយ បើនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍វិញគឺមានភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តច្រើន ដោយពួកគេចូលទៅទស្សនាកម្សាន្តហ្វូងមេអំបៅក្រេបលំអងផ្កា មើលមច្ឆាក្នុងអាងទឹកដ៏ថ្លាយង់ គយគន់មើលបុប្ផារីកស្គុះស្គាយ ពិសេសស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះ យ៉ាងជក់ចិត្តបំផុត ៕
ដោយ៖សុថាត់