ទស្សនាទេសភាពធម្មជាតិ និង ការអភិវឌ្ឍន៍នៅតាមផ្លូវជាតិលេខ ៥៥ ពិតជាប្លែកភ្នែកខ្លាំង
នេះជាទិដ្ឋភាពទូទៅ នៃ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និង ការអភិវឌ្ឍន៍ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ រហូតដល់តំបន់ព្រំដែនថៃ និង អភិវឌ្ឍន៍ថ្មដា ដែលយើងមិននឹកស្មានដល់ថា មានការអភិវឌ្ឍន៍លឿនយ៉ាងសោះនេះ មិនទាន់បានមួយឆ្នាំស្រួលបួលផង នៅទីនោះមានការប្រែប្រួលយ៉ាងខ្លាំងមិនគួរឱ្យជឿ ។
ផ្លូវជាតិលេខ ៥៥នេះ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែងជាង ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និង ស្រុកវាលវែង ជាប់ព្រំដែន ខេត្តត្រាតនឹងជាតំបន់ដោះដូរពាណិជ្ជកម្ម កសិផល និង ទេសចរណ៍រវាងប្រទេសកម្ពុជា និង ប្រទេសថៃយ៉ាងសំខាន់ថ្មីមួយទៀត ។ ហើយជាពិសេសទៅទៀត វាបានផ្តល់ឱកាសឱ្យវិនិយោគិនថៃ មកវិនិយោគនៅក្នុងខេត្តនេះយ៉ាងងាយស្រួលទៀតផង ។
ក្រៅពីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្លូវជាតិលេខ៥៥ ក៏មានទេសភាពធម្មជាតិយ៉ាងល្អអស្ចារ្យ គ្មានពីរ ដែលជាទីកន្លែងដ៏ទាក់ទាញ ភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនឱ្យទៅទស្សនា ឋានសួគ៌ធម្មជាតិដ៏ស្រស់បំព្រងនេះជាប្រចាំផងដែរ ៕
ដោយ៖សុថាត់