ចង់លម្ហែខួរក្បាល និង ស្រូបខ្យល់បរិសុទ្ធ មណ្ឌលយ៉ន ក្នុងឧទ្យានជាតិវីរៈជ័យ ជាទីឋានល្អបំផុត !
នៅខេត្តរតនគិរី មានធនធានធម្មជាតិរាប់មិនអស់ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យទៅទស្សនាកម្សាន្តនៅខេត្តភូមិភាគឦសាន្តមួយនេះ ពេលនេះភ្ញៀវទេសចរកំពុងមានការចាប់អារម្មណយ៉ាងខ្លាំង ។ ក្នុងចំណោមតំបន់ទេសចរដទៃទៀតនៅក្នុងខេត្តមួយនេះ មណ្ឌលយ៉ន ដែលជារមណីយដ្ឋានទេសចរធម្មជាតិដ៏ថ្មីសន្លាងមួយ ដែលមន្ទីរបរិស្ថានខេត្តរតនគិរី បានបង្ហាញនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩ នេះ មន្ទីរបរិស្ថាន ខេត្តរតនគិរី បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតអស្ចារ្យនៃតំបន់ មណ្ឌលយ៉ន ដែលស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ នៅក្នុងភូមិសាស្រ្តខេត្តរតនគិរី ដែលធ្វើឱ្យភ្ញៀវទេសចរទាំងឡាយ មានការចាប់អារម្មណ៍ និង ចង់ទៅទស្សនា នៅរមណីយដ្ឋានទេសចរណ៍ដ៏ថ្មីសន្លាងមួយនេះ ។ នៅទីនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាចទស្សនា ធនធានធម្មជាតិ ដ៏ស្រស់ស្អាត អាចជិះទូកលេង នៅតាមបឹងធម្មជាតិ និង អាចបោះតង់ សម្រាកនៅពេលរាត្រី យ៉ាងសប្បាយរីករាយទៀតផង ។
មណ្ឌលយ៉ន ជាតំបន់ដ៏ទាក់ទាញទេសចរ ដ៏ថ្មីសន្លាងមួយ ដែលភ្ញៀវទេសចរភាគច្រើនពុំដែលបានស្កាល់ និង បានធ្វើដំណើរទៅដល់ទីនោះឡើយ ។ ប្រសិនបើលោក អ្នកចង់ទៅទស្សនា ឬ កម្សាន្ត នៅ មណ្ឌលយ៉ន នៅក្នុងឧទ្យានជាតិវីរៈជ័យនោះ ត្រូវតែទាក់ទងទៅកាន់ មន្ទីរបរិស្ថាន ខេត្តរតនគិរី ជាមុនសិនដើម្បីដឹងពីផ្លូវធ្វើដំណើរទៅកាន់ទីនោះ ៕
ដោយ៖សុថាត់