ប្រាសាទភ្នំជីសូរនៅជិតបង្កើយ តែមិនសូវមានអ្នកភ្នំពេញទៅលេងច្រើន
ទោះបីប្រាសាទភ្នំជីសូរ នៅជិតបង្កើយរាជធានីភ្នំពេញក៏ដោយ ក៏មិនមានអ្នករស់នៅភ្នំពេញច្រើនបានទៅទស្សនា នៅប្រាសាទនេះឡើយ ។ តាមពិតប្រាសាទភ្នំជីសូរ ជាប្រាសាទដ៏ចំណាស់មួយ និង មានសម្រស់មិនចាញ់ប្រាសាទនានា នៅខេត្តសៀមរាបប៉ុន្មានឡើយ ។
ប្រាសាទភ្នំជីសូរជាប្រាសាទមួយ ដែលកសាងឡើងនៅលើភ្នំធម្មជាតិ ស្ថិតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ មានចមា្ងយប្រមាណជា ៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
បើលោកអ្នកធ្វើដំណើរទៅកាន់ ភ្នំជីសូវិញ លោកអ្នកអាចធ្វើដំណើរតាមរថយន្ត ឬ ម៉ូតូក៏បាន ទៅតាមផ្លូវជាតិលេខ២ ហើយបត់ចូលតាមច្រក បត់រកា និង ទៅតាមផ្លូវប្រាសាទនាងខ្មៅចូលទៅចមា្ងយពី ៥ ទៅ ៦ គីឡូម៉ែត្រ ទើបដល់ជើងភ្នំប្រាសាទភ្នំជីសូរ ។ ប្រាសាទភ្នំជីសូរពីដើមមានឈ្មោះថា “សុរិយបរវាត់” (Soryaparavata) ជាភាសាបាលីសំស្ក្រឹត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរិយាវរ្ម័នទី១ ។
តាមឯកសារផ្សេងទៀត ខ្នងភ្នំនេះ មានឈ្មោះ យោគេន្ទ្រាល័យ ឯទីតាំង ភូមិស្រុកព័ទ្ធជុំវិញមានឈ្មោះថា យោគេន្ទ្រាបុរៈ ក្រោយមកបានក្លាយឈ្មោះ បារមីសូរ ។ លុះដល់ពេលប្រជាពលរដ្ឋ សម័យនោះគោរពកោតខ្លាចអំណាចព្រះឥសូរកាន់តែច្រើនឡើងៗ ក៏ក្លាយទៅជា “ជីសូរៗ” រហូតមក ។
ប្រាសាទភ្នំជីសូរ កសាងឡើង ដោយព្រះមហាក្សត្រ ៣ ព្រះអង្គ គឺសូរិយាវរ្ម័នទី១ ពីគ្រិស្តសករាជ ១០០២-១០៤៩ ព្រះបាទធរណិន្ទ្រវរ្ម័ន ពីគ្រិស្តសករាជ ១១០៧-១១១៣ ព្រះបាទសូរិយាវរ្ម័នទី២ ពីគ្រិស្តសករាជ ១១១៣-១១៤៥ ។ គេដឹងប្រវត្តិកសាងរបស់មហាក្សត្រទាំងនេះ ដោយសារឃើញសិលាចារិក៤ផ្ទាំងក្នុងប្រាសាទ ដែលសព្វថៃ្ងនៅសល់តែមួយផ្ទាំងជាប់ស៊ុមបណ្ណាល័យខាងជើង ។
ប្រាសាទភ្នំជីសូរស្ថិតនៅចន្លោះរចនាបថឃ្លាំង និង បាពួន ពាក់កណ្តាលទី២នៃសតវត្សរ៍ទី១១ ។ ប្រាសាទនេះ មានថែវព័ទ្ធជុំវិញ សាងឡើងដោយថ្មបាយក្រៀមបន្តុបពីលើគ្នា ។ នៅក្នុងថែវគឺមានតួប៉មកណ្តាលមួយ បណ្ណាល័យ២ តួប៉ម៤ដែលព័ទ្ធជុំវិញតួប៉មកណ្តាល ។ សព្វថៃ្ងតួប៉មទាំង៤ខូចខាតអស់មួយហើយ ។ តួប៉មនីមួយៗសុទ្ធតែមានការតុបតែងយ៉ាងល្អប្រណិតឆ្លាក់ជារឿងរ៉ាវផ្សេងៗនៅលើផ្តែរទ្វារ លើសសរពេជ្រ លើហោជាង លើសសរផ្អោប ៕
ដោយ៖សុថាត់