ទៅខេត្តកោះកុង មិនបានទៅលេងរមណីយដ្ឋានបាងកាយាក តិចស្តាយក្រោយ !
រមណីយដ្ឋានបាងកាយាក ជាកន្លែងទេសចរណ៍ដ៏ប្រណិតមួយ ដែលកំពុងមានការពេញនិយម និង មានការទាក់ទាញយ៉ាងខ្លាំងនៅក្នុងទឹកដីខេត្តកោះកុង ហើយជាកន្លែង ដែលមានទេសភាពស្អាត និង មានខ្យល់អាកាសល្អបរិសុទ្ធ នៅក្នុងព្រៃកោងកាង ។
រម្មណីយដ្ឋានបាងកាយាកនេះ មានទីតាំងស្ថិតនៅក្នុងឃុំពាមក្រសោប ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានចម្ងាយប្រមាណជា ៧គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងខេមរភូមិន្ទគឺស្ថិតនៅលើផ្ទៃទឹកសមុទ្រ ដែលអមទៅដោយទេសភាពព្រៃកោងកាង ដ៏ស្រស់ត្រកាល និង គួរឱ្យទាក់ទាញបំផុត ហើយនៅទីនោះ ពេលដែលភ្ញៀវទេសចរដើរចូលទៅគឺពិតជាមានអារម្មណ៍ ខុសប្លែក ព្រោះវាមានអាកាសធាតុត្រជាក់ និងខ្យល់អាកាសល្អបរិសុទ្ធធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ធូរស្បើយ និង ស្រស់ស្រាយក្នុងចិត្ត ។
ក្រៅពីគយគន់មើលទេសភាពដ៏ស្រស់បំព្រងហើយ នៅទីនោះក៏មានសត្វស្វាជាច្រើននៅក្នុងព្រៃកោងកាងនោះផងដែរ ។ ពេលដែលយើងធ្វើដំណើរទៅមុខ គឺមានស្ពានយោល យ៉ាងស្រស់ស្អាត សម្រាប់ឱ្យភ្ញៀវទេសចរឆ្លងទៅត្រើយម្ខាងទៀត ហើយនៅត្រើយម្ខាងនោះគឺមានប៉មយ៉ាងខ្ពស់សម្រាប់ឱ្យភ្ញៀវទេសចរទស្សនានូវទេសភាពនៃព្រៃកោងកាងទាំងមូល ហើយអ្វីដែលពិសេសទៅទៀតនោះ គឺ មានបឹងកាឡូដ៏ស្រស់ស្អាត ដែលមានក្បូរក្បាច់រចនាយ៉ាងប្រណិត លម្អដោយភ្លើងពណ៌ព្រមទាំងមានសេវាកម្មល្អផងដែរ ។
បច្ចុប្បន្ននេះ គឺមានភ្ញៀវទេសចរជាច្រើនបាន និង កំពុងតែមានការចាប់អារម្មណ៍ជាមួយរម្មណីយដ្ធាននោះ ព្រមទាំងមានភ្ញៀវទេសចរជាច្រើនបានទៅទស្សនា និង បានទទួលស្គាល់ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្ថរជាតិផងដែរ។ ជាពិសេស គឺ មានការគាំទ្រពីសំណាក់ភ្ញៀវទេសចរមកពីតាមបណ្ដាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ព្រោះនៅពេលដែលភ្ញៀវទេសចរបានទៅទស្សនានៅទីនោះហើយ តែងតែសរសើរមិនដាច់ពីមាត់ចំពោះទេសភាពនៅទីនោះឡើយ ៕
ដោយ៖សុថាត់