មណ្ឌលគីរីទៀតហើយ! រមណីយដ្ឋានថ្មីចែស ទើបបង្កើតលើកំពូលភ្នំ មានចុះអ័ព្ទស្អាតខ្លាំង
ដំណាក់នាគជារមណីយដ្ឋានបែបធម្មជាតិថ្មីចែស ទើបបង្កើតឡើង មិនទាន់ទាំងសម្ពោធផងនោះ មានទេសភាពស្អាតខ្លាំង ស្ថិតនៅកំពូលភ្នំ ក្នុងខេត្តមណ្ឌលគីរី ។
ស្ថិតនៅតំបន់ដ៏ត្រជាក់ នៅលើកំពូលភ្នំដ៏ខ្ពស់ មានព្រៃព្រឹក្សាហ៊ុមព័ទ្ធជុំវិញ និង វាលស្មៅដ៏បៃតងខ្ចី បានធ្វើឱ្យកន្លែងមួយនេះ ក្លាយជាទីឋានដ៏មនោរម្យស័ក្ដិសមបំផុត សម្រាប់អ្នកស្រឡាញ់ធម្មជាតិ ។ បើតាមបុគ្គលិកនៅ ដំណាក់នាគ បានប្រាប់ «ប្រជាប្រិយ» ថា នៅទីនោះមានកន្លែងស្នាក់នៅជាប្រភេទ បឹងកាឡូឈើ បឹងកាឡូ VIP និង បឹងកាឡូជាប្រភេទថ្ម ។
ចំពោះតម្លៃស្នាក់នៅវិញខុសៗគ្នាទៅតាមប្រភទបឹងកាឡូនីមួយៗដូចជា បឹងកាឡូឈើ អាចគេងបាន ៥ នាក់ក្នុងមួយយប់តម្លៃ ៨០ ដុល្លារ, បឹងកាឡូ VIP អាចគេងបាន ៦ នាក់តម្លៃ ១២០ ដុល្លារក្នុងមួយយប់ និង ប្រភេទថ្មតម្លៃ ៦៥ ដុល្លារអាចគេងបាន ៤ នាក់ ។ ទេសចរស្នាក់នៅទីនោះអាចធ្វើការកុម្ម៉ងម្ហូបទុកជាមុន ប្រសិនបើចង់ញ៉ាំអាហារនៅទីនោះ ព្រោះបច្ចុប្បន្ននេះ មិនទាន់មានលក់អាហារជាប្រចាំនៅឡើយទេ ។
ប្រសិនបើប្រិយមិត្តចង់ទៅកម្សាន្តនៅទីនោះ មិនពិបាករកឡើយ មានចំងាយប្រមាណតែ ៨ គីឡូម៉ែត្រប៉ុនណោះពីវង្វង់មូលគោព្រៃ នៅជិតអូររមិស ៕ ព័ត៌មានបន្ថែមសូមទាក់ទៅកាន់លេខ ៖ 088 816 0007, 086 880 007