ទៅលេងខេត្តមណ្ឌលគិរីនារដូវវស្សាធានាថាមានអារម្មណ៍ប្លែក មិនដូចកាលទៅនារដូវប្រាំង
មិនដូចកាលពីរដូវប្រាំង ដែលទេសភាពនៅខេត្តមណ្ឌលគិរីហាក់ក្រៀមក្រោះបន្តិច ដោយសារមើលទៅឃើញស្មៅពណ៌ក្រហម តែបើភ្ញៀវទៅកម្សាន្តក្នុងរដូវវស្សានេះវិញគឺពិតជាពេញចិត្ត និងទេសភាពដ៏ស្រស់បំព្រងនៅជុំវិញខ្លួនយើង មើលទៅហាក់ត្រជាក់ចិត្ត និង មានអារម្មណ៍ប្លែកជាពុំខាន ។
រដូវភ្លៀងធ្លាក់បានចូលមកដល់ធ្វើឱ្យទេសភាពរបស់ខេត្តមណ្ឌលគិរី ប្រែក្លាយទៅជាពណ៌បៃតងគួរជាទីចាប់អារមណ៍សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ។
ចំពោះភ្ញៀវទេសចរ ដែលមិនធ្លាប់ទៅដល់ខេត្តមណ្ឌលគិរីគ្រាន់តែឃើញទេសភាពនៃធម្មជាតិដ៏ស្រស់បំព្រង រួមផ្សំជាមួយនឹងផ្កាស្មៅភ្នំ នៅតាមដងផ្លូវ អាកាសធាតុដ៏ត្រជាក់គឺពិតជាមានអារម្មណ៍ព្រឺព្រួចនិង យល់ថា ហាក់ដូចជាកំពុងតែស្ថិតនៅភពផ្សេងពីគ្នាទាំងស្រុងពីកន្លែងដែលយើងរស់នៅជារៀងរាល់ថ្ងៃ ។
ខេត្តមណ្ឌលគីរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាដែនដីសម្បូរទៅដោយព្រឹក្សព្រៃ និងអាកាសធាតុដ៏ត្រជាក់ព្រមទាំងមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ។
នៅពេលដែលបានឃើញរូបសត្វគោព្រៃពីរក្បាល ដែលស្ថិតនៅចំកណ្តាលផ្លូវនោះមានន័យថា អ្នកបានចូលមកដល់ទីរួមខេត្តមណ្ឌលគិរីហើយ ។ នៅទីនោះអ្នកអាចស្វែងរកកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ ព្រមទាំងផ្សារដែលអាចចូលទិញឥវ៉ាន់នៅក្នុងផ្សារខេត្តនោះបានតាមចំណូលចិត្តផងដែរ ហើយបន្ទាប់ពីនោះ វាជាពេលវេលាដែលអ្នកត្រូវធ្វើដំណើរកម្សាន្តម្តង ។
មណ្ឌលគិរី មានកន្លែងកម្សាន្តជាច្រើនកន្លែងដូចជា ទឹកធ្លាក់អូររមីស , ចំការស្រល់ , ភ្នំដោះក្រមុំ , សមុទ្រឈើ ,ភូមិជនជាតិ , ចំការកាហ្វេ និង ទីតាំងទឹកជ្រោះជាច្រើនកន្លែងទៀត ប៉ុន្តែតំបន់ទេសចរណ៍ដែលមានឈ្មោះល្បីជាងគេគឺទឹកជ្រោះប៊ូស្រា ។
ទឹកជ្រោះប៊ូស្រាចែកចេញជា ៣ ដំណាក់ ក្នុងនោះដំណាក់ទី ១ មានកម្ពស់ប្រមាណ ១២ ម៉ែត្រ ដែល មានមុខកាត់ ១៥ ម៉ែត្រនៅរដូវវស្សា ។ ដំណាក់ទី ២ មានកម្ពស់ពី ១៥ ទៅ ២០ ម៉ែត្រ និង មានមុខកាត់ទទឹង ២០ ម៉ែត្រ មានកម្ពស់ពី ១៨ ទៅ ២៥ ម៉ែត្រ ចំណែកនៅរដូវប្រាំង គឺមានមុខកាត់ត្រឹមតែ ១៣ ម៉ែត្រប៉ុណ្ណោះ ។ ដំណាក់ទី ២ នេះមានចម្ងាយប្រមាណជា ១៥០ ម៉ែត្រពីដំណាក់ទីមួយ ។ ចំណែកដំណាក់ទី ៣ ស្ថិតនៅឆ្ងាយពីដំណាក់ទី ២ ដែលមិនអាចទៅដល់បាន ព្រោះជាតំបន់ព្រៃក្រាស់ និង សម្បូរសត្វសាហាវរស់នៅ ។ ក្រៅពីនោះ អ្នកទេសចរណ៍អាចបន្តទៅកន្លែងមួយផ្សេងទៀតគឺទឹកជ្រោះសែនមនោរម្យ ដែលមានចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រពីទីរួមខេត្ត ហើយទឹកធ្លាក់នៅទីនោះ ក៏មាន ៣ ដំណាក់ដែរ ប៉ុន្តែវាមានទ្រង់ទ្រាយតូចជាងទឹកជ្រោះប៊ូស្រា ។
ទឹកជ្រោះរម្យនា គឺនៅចម្ងាយប្រមាណជា ១១ គីឡូម៉ែត្រពីទីរួមខេត្ត ហើយតំបន់ទឹកជ្រោះនេះ ហ៊ុមព័ទ្ធជុំវិញដោយដំណាំផ្សេងៗជាច្រើនដូចជា ដំណាំកោស៊ូ ស្វាយចន្ទី កាហ្វេ និង រុក្ខជាតិ ព្រមទាំងព្រៃឈើតូចធំជាលម្អនៅក្នុងតំបន់មួយនេះ។ ទឹកជ្រោះនេះ ក៏ជាតំបន់គួរឱ្យទាក់ទាញចំពោះទេសចរណ៍ផងដែរ ដោយមានទឹកធ្លាក់កម្ពស់ ៥ ម៉ែត្រ ហូរធ្លាក់ទៅក្នុងអាងទឹកធំមួយ ដែលបង្កនូវភាពងាយស្រួលដល់អ្នក ទេសចរណ៍ក្នុងការងូតទឹកកម្សាន្ត ។
មណ្ឌលគិរីនៅមានកន្លែងគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលគួរតែនាំគ្នាទៅមើលឱ្យឃើញដោយ ផ្ទាល់ភ្នែក ដូច្នេះសង្ឃឹមថា ថ្ងៃសម្រាកចុងសប្តាហ៍ខាងមុខនេះ វានឹងក្លាយជាតំបន់ទេសចរណ៍មួយដែលស្ថិតនៅក្នុងជម្រើសរបស់លោកអ្នក ៕
ដោយ ៖ ដេវីត