មិនងាយបានឃើញទេ ! បន្ទប់តម្លៃ ១ ម៉ឺនដុល្លារមួយយប់ លើកប៉ាល់យក្សប្រណីតបំផុតលើលោក
នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ ក្រុមហ៊ុន Regent Seven Seas Cruises នឹងដាក់ដំណើរការកប៉ាល់កម្សាន្តប្រណីតបំផុតលើពិភពលោកជាសាធារណៈ ។
កប៉ាល់យក្ស Seven Seas Splendor នឹងផ្តល់នូវបន្ទប់ដ៏ប្រណីតហៅថា Regent Suite ដែលមានទំហំ ៤១២ ម៉ែត្រការ៉េ និង ហើយមាន ៤ បន្ទប់តូចៗនៅក្នុងនោះទៀត ព្រមទាំងកន្លែងសូណា និង យ៉រដើម្បីគយគន់ទេសភាពផងដែរ ។
បើយោងតាមក្រុមហ៊ុន Regent Seven Seas Cruises បានឱ្យដឹងថា បន្ទប់ Regent Suite មានទំហំធំជាងផ្ទះបែបអាមេរិក ២ ដង និង ផ្ទះបែបអង់គ្លេស ៤ ដងឯណោះ ។ វាមានតម្លៃចាប់ពី ១១ ០០០ ដុល្លារក្នុងមួយយប់ ដោយអាចស្នាក់នៅបាន ៦ នាក់ ។ ការធ្វើដំណើរមួយជើងរបស់ Seven Seas Splendor មានរយៈពេលចាប់ពី ១៣ ទៅ ១៧ ថ្ងៃ ។ គោលដៅដ៏មានប្រជាប្រិយភាពបំផុតគឺ ពីទីក្រុង Miami ទៅកាន់ទីក្រុង Los Angeles (សហរដ្ឋអាមេរិក) រយៈពេល ១៧ ថ្ងៃ និង ពីទីក្រុង Barcelona (អេស្ប៉ាញ) ទៅកាន់ទីក្រុង Venice (អ៊ីតាលី) រយៈពេល ១៣ ថ្ងៃ ។
នៅលើកប៉ាល់កម្សាន្តខ្នាតយក្សនោះ ក៏មានរមនីយដ្ឋាន, ហាងកាហ្វេ, បារ, កាស៊ីណូ និង ហាងលក់ទំនិញផងដែរ ។ Seven Seas Splendor មានប្រវែង ២២៤ ម៉ែត្រ អាចផ្ទុកអ្នកដំណើរ ៧៥០ នាក់ ជាមួយនឹងបន្ទប់ចំនួន ៣៧៥ ។ Regent Suite គឺជាបន្ទប់ដ៏ប្រណីតបំផុត ៕
ដោយ ៖ ឡុង
ប្រភព ៖ zing