ទេសភាពបាតសមុទ្រ នៅតំបន់កោះតាង ស្អាតគ្មានពីរ !
កោះតាង ជាកោះមួយសម្រាប់ភ្ញៀវទេសចរ ដែលមានចំណង់ចំណូលចិត្តខាងមុជទឹកបាតសមុទ្រដើម្បីទស្សនារុក្ខជាតិសមុទ្រ ត្រីសមុទ្រ ផ្កាថ្ម និង ប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងសម្បូរបែប និង បានក្លាយជាកោះធម្មជាតិដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ប្រៀបដូចជាឋានសួគ៌ក្រោមទឹក ។
កោះតាងមានចម្ងាយប្រមាណជា ៤៥ គីឡូម៉ែត្រ ពីឆ្នេរនៃ ខេត្តព្រះសីហនុ ដែលមានទំហំប្រមាណជា ៥១០ ហិកតា និង ជាទីតាំងឈរជើងនៃកងទាហាននាវាសមុទ្រ ។ កោះនេះ ស្ថិតនៅក្នុងទឹកដី ខេត្តព្រះសីហនុ ហើយក៏ជាអតីតកោះដែលកម្លាំងកងទ័ពអាមេរិក និង ទ័ពខ្មែរក្រហមប្រយុទ្ធគ្នាកាលពី ឆ្នាំ១៩៧៥ ។
ប៉ុន្តែ កោះតាង ដែលធ្លាប់តែជាទីលានសមរភូមិប្រយុទ្ធដ៏ក្តៅគគុកនោះ ពេលនេះបានប្រែក្លាយមកជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ជនបរទេសធ្វើដំណើរទៅលំហែកាយ ពិសេសអ្នកនិយមមុជទឹកមើលផ្កាថ្ម នៅបាតសមុទ្របានហៅ កោះតាង ថា ឋានសួគ៌ក្រោមទឹក របស់ខ្មែរ ៕
ដោយ៖ សុថាត់
រូបថតៈ ហ្វេសប៊ុករបស់លោក ទៀ សុខា