ទៅលេងខេត្តរតនគិរី តិចអត់ស្គាល់រមណីយដ្ឋាន វារីរតនៈ នេះ!
គ្រាន់តែឃើញទេសភាពនៅរមណីយដ្ឋានវារីរតនៈនេះ មានអារម្មណ៍ស្រស់ស្រាយ ចង់ទៅលេងភ្លាម រមណិយដ្ឋាននេះមានទីតាំងស្ថិតនៅ ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី គឺធ្វើដំណើរត្រឹមតែចម្ងាយ ៣ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបានលុងហួសពីតំបន់កម្សាន្តបឹងកន្សែងបន្តិច នឹងបានទៅដល់រមណីយដ្ឋានដែលស្ថិតនៅលើផ្ទៃបឹងទំហំប្រហែល ៣ គីឡូម៉ែត្រ ។
ទីនោះមានទេសភាពស្រស់ស្អាត ផ្ទៃបឹងដ៏ធំល្វឹងល្វើយអមដោយព្រៃឈើសងខាងពណ៌៌ខៀវខ្ចី និង ទឹកថ្លាឈ្វេងអាចឆ្លុះមុខបាន លោកអ្នកអាចចុះងូតទឹកលេងបាន នៅទីនោះក៏មានក្យូស ប្រក់ស្បូវសម្រាប់អង្គុយញ៉ាំបាយចោលម្លប់ត្រឈឹងត្រឈៃ លោកអ្នកអាចទៅលេងជាលក្ខណៈគ្រួសារ មិត្តភក្តិ និង គូស្នេហ៍ក៏បាន ។
រមណីយដ្ឋានវារីរតនៈ ជាតំបន់កែច្នៃផ្សំនឹងធម្មជាតិ មានទឹកថ្លាឈ្វេង ទេសភាពធម្មជាតិ ខ្យល់បរិសុទ្ធបក់មកត្រសៀកៗ ក្រៅពីសេវាកម្ម ម្លប់ក្យូសប្រក់ស្បូវសម្រាប់អង្គុយទទួលទានអាហារគឺមានស្ទើរតែជុំវិញ បឹងវារី នោះ ហើយសួនផ្កាចម្រុះលម្អ ទុកសម្រាប់ទេសចរថតសែលហ្វ៊ីលេង ឬ ថតផ្តិតយករូបភាពដ៏ស្រស់ស្អាត ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ផងដែរ ។
ក្រៅពីនេះរមណីយដ្ឋានវារីរតនៈ ក៏មានទូក ទាទឹក សម្រាប់ការជិះកម្សាន្តលេងនៅលើផ្ទៃបឹង និង មានម្ហូបអាហារយ៉ាងឆ្ងាញ់ពិសារ ក្នុងតម្លៃសរម្យទៀតផង ៕
ដោយ៖សុថាត់