អ្នកជិះយន្តហោះលើកទី ១ តែហ៊ានប្រហែស ៧ យ៉ាងនេះ ដឹងតែក្រពុលមុខពេញព្រលាន
ការធ្វើដំណើរតាមយន្តហោះមិនងាយស្រួលដូចការជិះលើផ្លូវគោកឡើយ ត្រូវឆ្លងកាត់ច្រើនដំណាក់កាលណាស់ ទម្រាំបានអង្គុយលើកៅអីយន្តហោះ ។ ប្រសិនបើមិនបានស្វែងយល់ពីចំណុចសំខាន់ៗមុនហោះហើរ នោះប្រាកដជាម៉េមម៉ាមៗ ពេញព្រលានមិនខាន ។ តទៅនេះ គឺជាបទពិសោធន៍ការធ្វើដំណើរតាមយន្តហោះពីអ្នកដែលធ្លាប់មានបទពិសោធន៍កន្លងមក ៖
១. ត្រូវទៅឱ្យដល់មុនម៉ោងហោះហើរយ៉ាងតិច ១ ម៉ោងមុន ៖ បន្ទាប់ពីកក់សំបុត្រយន្តហោះរួចហើយ អ្វីដែលអ្នកមិនត្រូវភ្លេចគឺមើលម៉ោងចេញដំណើរឱ្យច្បាស់លាស់ ។ អ្នកត្រូវទៅដល់ព្រលានមុនម៉ោងហោះហើរយ៉ាងតិចមួយម៉ោងមុន ព្រោះត្រូវបំពេញបែបបទជាច្រើន ទម្រាំដល់ដំណាក់កាលចុងក្រោយ ។
២. មុនចូលតម្រង់ជួរមើលលេខជើងហោះហើរឱ្យច្បាស់ ៖ ធ្វើដំណើរតាមយន្តហោះលើកទី ១ ប្រាកដជាមានអារម្មណ៍ភ័យអរៗ តែសូមកុំជ្រួលច្របល់ក្នុងចិត្ត រហូតទៅតម្រង់ជួរខុសជើងហោះហើរ ។ Information Screen ជាតារាងផ្ដល់ព័ត៌មានពីលេខ Counter និង ម៉ោងហោះហើរ ។ កុំចេះតែចូលតម្រង់ជួរមិនមើលប្រយ័ត្នច្រឡំជើងហោះហើរនាំឱ្យខាតពេល ។
៣. តិចនាំបងប្អូនចូលក្នុងបរិវេណ Terminal អីទៅ ៖ បងប្អូនសាច់ញាតិដែលជូនដំណើរទៅ បានត្រឹមក្នុងបរិវេណព្រលានខាងក្រៅ Terminal តែប៉ុនណោះ មិនអាចនាំចូលក្នុងបរវេណសម្រាប់អ្នកត្រូវហោះហើរនោះទេ ។ ប្រសិនបើនាំបងប្អូនចូល នោះប្រាកដជាគេសុំឱ្យចេញក្រៅវិញមិនខាន ។
៤. យកល្អមិនបាច់យកភេសជ្ជៈដាក់ទៅទេ ៖ ទឹកផ្លែឈើ ទឹកដោះគោ ទឹកសុទ្ធគេមិនឱ្យដាក់តាមលើសពី ១០០ ml ទេ ប្រសិនបើដាក់ទៅទាំងដប ប្រាកដជាបុគ្គលិកផ្នែក Xray ដកទុកមិនខាន ។
៥. Powerbank,Laptop, Camera ៖ ត្រូវដាក់ក្នុងកាតាបស្ពាយជាប់ខ្លួន មិនត្រូវដាក់នៅក្នុងវ៉ាលីដាក់ខោអាវទេ ។
៦. យកល្អបើអាចពាក់ស្បែកជើងដែលងាយស្រួលដោះ ៖ ព្រោះនៅពេលឆ្លងកាត់ Xray គេតម្រូវឱ្យដោះស្បែកជើង ខ្សែក្រវាត់ ទូរសព្ទ នាឡិកា កាបូបលុយ ដាក់ចូលស្កេនទាំងអស់ ។ អ្នកខ្លះពាក់ស្បែកជើងចងខ្សែរញ៉េរញ៉ៃពិបាកទាំងដោះ ពិបាកទាំងពាក់វិញ ។
៧. ពេល Check in និង បំពេញបែបបទវាយត្រារួចរាល់ ៖ សូមប្រញាប់ទៅអង្គុយចាំចំទ្វារយន្តហោះ ដែលខ្លួនធ្វើដំណើរ កុំទៅដើរទិញអីវ៉ាន់ ឬ ដើរហើរក្នុងព្រលានផ្ដេសផ្ដាសប្រយ័ត្នយន្តហោះបិទទ្វារចោល ព្រោះការឡើងយន្តហោះនឹងត្រូវធ្វើឡើងមុនម៉ោងហោះយ៉ាងតិច៣០នាទី ហើយទ្វារនឹងត្រូវបិទយ៉ាងតិច១៥នាទីមុន ៕
អត្ថបទ ៖ រាជ