ទំនប់ទឹកអូរមាន ក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញនៅខេត្តកំពង់ធំ !
ទំនប់ទឹកអូរមាន មានលក្ខណអំណោយផល និង ជាប្រភពទឹកដ៏សំខាន់មួយ ដែលមានទេសភាពដ៏ស្រស់ស្អាតបែបស្រុកស្រែ និង មានទឹកហូរខួបប្រាំងខួបវស្សា បានធ្វើឱ្យទំនប់ទឹក អូរមាននេះ ក្លាយជាកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរមកពីគ្រប់ទិសទីទៅកម្សាន្តនៅទីនោះ ។ ទំនប់ទឹកអូរមាននេះ មានទីតាំងស្ថិតនៅក្នុង ភូមិអូរមាន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុងមានការទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តយ៉ាងច្រើន នៅថ្ងៃចុងសប្តាហ៍ និង ថ្ងៃបុណ្យជាតិម្តងៗ ។
ទំនប់ទឹកអូរមាននេះ មានចម្ងាយប្រវែង ៦០ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ដែលត្រូវបានសាងសង់ ក្រោមគម្រោង ឥណទាន និង ជាជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាគម្រោងជួសជុលស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនៃក្រសួងធនធានទឹក និង ឧតុនិយម ដោយសាងសង់រួចរាល់តាំងពី ឆ្នាំ ២០១៥ មកម្ល៉េះ ។ ដើមឡើយទំនប់ទឹកនេះ គ្រាន់តែជាប្រឡាយទឹកមួយតភ្ជាប់ពីទឹកស្ទឹងធម្មជាតិនេះប៉ុណ្ណោះ ប៉ុន្តែពេលនេះបានក្លាយទៅជាប្រព័ន្ធធារាសាស្ត្រយ៉ាងសំខាន់មួយនៅតំបន់នោះ ។
ក្រៅពីជាប្រព័ន្ធស្រោចស្រប់ បម្រើឱ្យវិស័យកសិកម្ម ទំបន់អូរមាន ក៏បានទាក់ទាញទេសចរ ពីទីជិតឆ្ងាយទៅកម្សាន្តនៅទីនោះជាប្រចាំ ។ នៅទីនោះមានក្យូសប្រក់ស្លឹកសម្រាប់ឱ្យភ្ញៀវអង្គុយទទួលទានអាហារ និង កម្សាន្តមើលទេសភាពទឹកធម្មជាតិ យ៉ាងស្រស់ស្អាត ៕
ដោយ៖សុថាត់