សំណង់បង្ហៀរទឹកក្បាលហុង ស្ទឹងពោធិ៍សាត់ជាកន្លែងងូតទឹកលេងដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ
ពេលនេះសំណង់បង្ហៀរទឹក ក្បាលហុង ក្នុងស្ទឹងពោធិ៍សាត់ ភាគខាងក្រោម បានក្លាយទៅជាកន្លែងសម្រាកលំហែរកាយ និង ងួតទឹកលេងយ៉ាងសប្បាយរីករាយ នៅក្នុងក្រុងពោធិ៍សាត់ ។ ក្រៅពីការងូតទឹកលេងនៅសំណង់បង្ហៀរទឹកក្បាលហុង ភ្ញៀវទេសចរ ក៏អាច ជិះទូកលេងកម្សាន្ត ឬ ជិះប៉េឌឺឡូ ក្នុងស្ទឹងពោធិ៍សាត់ យ៉ាងសប្បាយរីករាយផងដែរ ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងថា សំណង់បង្ហៀរទឹកក្បាលហុង ជាកន្លែងមួយ ដែលសាងសង់សម្រាប់ ការសន្សំសំចៃទឹក យើងក៏អាចទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ត សប្បាយ ដោយងូតទឹកលេងនៅសំណង់បង្ហៀរទឹក និង ជិះទូក ជិះប៉េឌឺឡូ នៅតាមដងស្ទឹង ពោធិ៍សាត់ ដែលរដ្ឋបាលខេត្តបានរៀបចំឡើង តាំងពីអំឡុងពិធីបុណ្យចូលឆ្នាំថ្មីមកម្ល៉េះ ។ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្ញៀវទេសចរ នៅតែបន្តទៅងូតទឹកលេងកម្សាន្ត នៅសំណង់បង្ហៀរទឹក ក្បាលហុង ជាមួយនឹងការជិះទូកលេងកម្សាន្ត ក្នុងស្ទឹងពោធិ៍សាត់ ។
សំណង់ទ្វាទឹកក្បាលហុង គឺជាសំណង់ដែលសង់ឆ្លងកាត់ស្ទឹងពោធិ៍សាត់តាំងពីសង្គមរាស្ត្រនិយម ប៉ុន្តែវាបានចាស់ទ្រុឌទ្រោម ដែលទាមទារឱ្យធ្វើការជួសជុលឡើងវិញ ឱ្យទៅជាទំនប់បង្ហៀរទឹក នៅលើទីតាំងចាស់ ដែលមានប្រវែង ៩៤ម៉ែត្រ បាតក្រោម ៩ ម៉ែត្រ ខ្នងលើ ៤ ម៉ែត្រ មានកម្ពស់ ១,៣ ម៉ែត្រ និង មានទ្វារទឹក ២ សងខាង ហើយក្នុងនោះមានលទ្ធភាពស្រោចស្រព ទៅលើផ្ទៃដីស្រែ និង ដំណាំរួមផ្សំ ចំនួន ៣ ០០០ ហិកតា សម្រាប់បម្រើផលប្រយោជន៍ប្រជាជនក្នុង ក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និង ស្រុកបាកាន ៕
ដោយ៖សុថាត់