ត្រួសៗ ពីប្រវត្តិនៃរាជធានីភ្នំពេញ ដែលមហាជនមិនសូវបានដឹងពីមុន!
រាជធានីភ្នំពេញជាទីក្រុងសំខាន់ជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ។ ប្រជាពលរដ្ឋខ្មែរគ្រប់ មជ្ឈដ្ឋាន តែងតែប្រាថ្នាមកទស្សនាទីក្រុងនេះយ៉ាងហោចណាស់ ឱ្យបានម្តងក្នុងមួយជីវិតដែរ ប៉ុន្តែប្រវត្តិ រឿងដែលទាក់ទង និង ព្រះរាជធានីនេះ និង ការកសាងឡើងនៅសម័យណា ? ហើយនរណាជាអ្នកសាងសង់នោះ ? មិនមាននរណាបានដឹងពិតប្រាកដនៅឡើយទេ ។
អ្នកបុរាណវិទ្យា និង អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញ បានឱ្យដឹងនូវប្រវត្តិរឿង នៃការកកើត ទីក្រុងដ៏ចំណាស់នេះដូចតទៅ៖
សំអាងទៅលើព្រះរាជពង្សាវតាខ្មែរទីក្រុងភ្នំពេញយើងសព្វថ្ងៃនេះត្រូវបានស្ថាបនាឡើងនៅពាក់ កណ្តាលសតវត្សរ៍ទី ១៥ នៃគ្រិស្តសករាជ ពោលគឺមានប្រវត្តិសាស្ត្រផ្ទាល់របស់ខ្លួនជិត ៥ សតវត្សរ៍ មកហើយ ។ រីឯអ្នកសាងសង់ គឺព្រះបាទពញាយ៉ាត ។ ក៏ប៉ុន្តែថ្វីត្បិតតែត្រូវបានស្ថាបនាឡើង នៅ សតវត្សរ៍ ទី ១៥ នៃគ្រិស្តសករាជមែន ស្លាកស្នាមនៃការកាន់កាប់តំបន់ភ្នំពេញ ឬជុំវិញទីតាំងសព្វថ្ងៃនេះ ត្រូវបានធ្វើឡើងយ៉ាងហោចណាស់ក៏ ១០០០ ឆ្នាំ មុនគ្រឹស្តសករាជដែរ ដោយបុព្វបុរសខ្មែរយើង នៅ ជំនាន់នោះស្ថិតក្នុងយុគលោហធាតុ ។ ការរកឃើញនូវឧបករណ៍ប្រើប្រាស់ដូចជា ពូថៅធ្វើអំពីថ្មរំលីង (ចុងយុគសំរឹទ្ធិ) ចង្ក្រង់ដំរីនិងកងដៃកងជើងសំរឹទ្ធិ នៅខេត្តកណ្តាលជាសក្ខីភាពស្រាប់ ។
គួររំលឹកឡើងវិញថា នាសម័យប្រវត្តិសាស្ត្រ តំបន់រាជធានីភ្នំពេញនេះ ក៏មានទំនាក់ទំនងផ្នែកវប្បធម៌ នយោបាយនិងសេដ្ឋកិច្ចជាមួយបរទេសដែរ ក៏ប៉ុន្តែ ក៏ប្រហែលជាពុំមែនត្រង់ៗតែម្តងទេ ដូចខ្មែរនៅ កម្ពុជាក្រោម ឬខ្មែររស់នៅតាមឆ្នេរ នៃឈូងសមុទ្រសៀមសព្វថ្ងៃ ។ ប្រជាជនខ្មែរយើងដែលរស់នៅជាយនៃព្រះរាជធានីនេះបានទទួលនូវវប្បធម៌ក្លិង្គដែលបានហូរចូលពី សមុទ្រ ជ្រាបចូលយ៉ាងជ្រៅក្នុងផ្ទៃនៃដែនដីខ្មែរ … ។
ការសន្និដ្ឋាននេះសំអាងទៅលើកាក់ រ៉ូម៉ាំង មួយ ដែលគេបានរកឃើញនៅជិតអាកាសយានដ្ឋាន ពោធិចិនតុង និងអម្បែងក្រឡឆ្នាំងក្អមជាច្រើនសន្ធឹកសន្ធាប់ នៅភូមិព្រែកតាគាំ ជិតស្ពានជ្រោយចង្វា និងចុងសម័យបុរេប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រ ។ នេះឥតនិយាយដល់សំណល់ប្រាសាទនាសតវត្សរ៍ទី ៧ នៃគ្រិស្តសករាជផងដែលស្ថិតក្នុងរចនាប័ទ្ម ព្រៃក្មេង នៅលើភ្នំព្រះរាជទ្រព្យឬលើភ្នំប្រសិទ្ធិ ឬក៏ប្រាសាទអង្គរ ពោធិលោម ក្នុងវត្តឧណ្ណាលោម ដែលជាកន្លែងបញ្ចុះរោមប្រជុំចិញ្ចើមរបស់ព្រះអស្សជិតត្ថេរតាំងពីសម័យបុរាណកាល ។ ព្រះអស្សជិតត្ថេរ បាននិមន្តពីប្រទេសឥណ្ឌា (បង់ហ្គាល) មកកាន់កម្ពុជាដើម្បីផ្សព្វផ្សាយលទ្ធិ ព្រះពុទ្ធ សាសនា ហើយព្រះភិក្ខុសង្ឃខ្មែរបានយកព្រះឧណ្ណាលោមរបស់ព្រះអង្គមកបញ្ចុះក្នុងព្រះចេតិយមួយ ដែលស្ថិតនៅផ្នែកខាងលិចនៃព្រះវិហារ ប្រហែលជាស្ថិតនៅចំកណ្តាលនៃចេតិយទាំង ៥ ។ រាជធានីភ្នំពេញ ត្រូវបានស្ថាបនាឡើង ដោយព្រះបាទពញាយ៉ាត ជាស្តេចក្រោយសម័យអង្គរ ។ ស្តេចអង្គនេះបានផ្លាស់ព្រះរាជធានីខ្មែរពីតំបន់សៀមរាបអង្គរ មកកាន់តំបន់ភ្នំពេញយើងនេះ ។ បុព្វហេតុបណ្តាលមកពីព្រះអង្គប្រាថ្នាចង់គេចផុត ពីការវាយឆ្មក់មិនឈប់ឈរពីសំណាក់កងទ័ព សៀម ឈ្លានពាន ។
ក្នុងទិដ្ឋភាពដ៏ជូរចត់នេះ បានជាព្រះអង្គយាងចាកចេញពីតំបន់ទន្លេសាប ដែលជាប្រភពនៃវឌ្ឍនភាពនា សម័យអង្គរ ដែលជាជង្រុកត្រី និង ស្រូវនាសម័យនោះ ។ ការជម្លៀសខួនបានធ្វើឡើងជាពីរដំណាក់ បន្ទាប់ពីស្រីសន្ធរមកចតុមុខ ។ ព្រះអង្គបានសាងសង់ព្រះរាជវាំងមួយនៅបានកាន ដែលស្ថិតនៅមិន ឆ្ងាយប៉ុន្មានពីពាម ផ្កាយម្រេច ក៏ប៉ុន្តែដោយសារតំបន់នេះជាតំបន់ទឹកលិចព្រះអង្គបញ្ជាឱ្យគេផ្លាស់ទី តាំងភ្លាម ដើម្បីទៅតាំងព្រះរាជវាំងមួយថ្មីទៀត នៅឯមុខទន្លេចតុមុខយើងនេះ រវាងឆ្នាំ ១៤០០ និង ១៤៥០ នៃគ្រិស្តសករាជ ។
ចំពោះកាលបរិច្ឆេទខាងលើនេះ ថ្វីត្បិតព្រះរាជពង្សាវតារខ្មែរ បានចេញមតិខុសប្លែកៗពីគ្នាក៏ដោយ ក៏ប៉ុន្តែការរើរុះនូវព្រះបរមរាជវាំងចាស់ ហើយការសាងសង់ឡើងវិញ ជាពិសេសការផ្លាស់ប្តូរទីតាំងពី តំបន់មួយទៅតំបន់មួយទៀតត្រូវប្រើពេលយ៉ាងយូរ ។ ម្យ៉ាងវិញទៀតនាសម័យនោះគេប្រើកម្លាំង មនុស្ស និង សត្វដូចជា គោ ក្របី និងដំរីសម្រាប់ដឹកជញ្ជូន ។ នេះមិនគិតដល់ការជ្រើសរើសទីតាំង ឬក៏ពិធីការផ្សេងៗ ដែលពាក់ព័ន្ធនឹងភូមិសាស្ត្រផង ។
មានរឿងដំណាលមួយ ដែលល្បីជាងគេ ហើយមានលក្ខណៈជាប្រវត្តិសាស្ត្រជាងគេគឺ ៖ មានដូនម្នាក់ ឈ្មោះពេញ គាត់បានសាងសង់ផ្ទះរបស់គាត់ នៅជិតមាត់ច្រាំងនៃទន្លេមេគង្គ នៅលើទួលមួយ ។ សូមបញ្ជាក់ថា ការរស់នៅឬសាងសង់ផ្ទះសម្បែង វត្តអារាមឬបូជនីយដ្ឋាននានា នៅលើទួលឬដីគោក ជាប្រពៃណីរបស់ខ្មែរយើង ព្រោះស្រុកយើងសម្បូរទៅដោយទឹកនៅរដូវវស្សា ។
ខ្ទមរបស់គាត់ស្ថិតនៅខាងកើតនៃខ្ទមអ្នកតាមួយ ។ ថ្ងៃមួយមានទឹកជំនន់ធំធ្វើឱ្យលិចលង់ជុំវិញទួល នោះទាំងអស់ ។ ដូនពេញក៏ចុះពីផ្ទះរបស់គាត់ ដែលសង់ខ្ពស់ពីដី ហើយក៏បានឃើញមានដើមគគីធំ មួយ ដែលបានរសាត់តាមខ្សែទឹក ហើយមកប៉ះជាប់នឹងមាត់ច្រាំង ។ ដូនពេញអរណាស់ដោយគិតថា អញនឹងបានឈើប្រើហើយ ក៏ម្នីម្នាដើររកញាតិញោមជិតខាង ដើម្បីអូសឈើនេះ ។ ក្នុងខណៈនោះ ស្រាប់តែឃើញព្រះបដិមាបុរាណចំនួន ៥ អង្គ ធ្វើអំពីសំរឹទ្ធិនិងថ្ម ។ ទេវរូបសំរឹទ្ធិខាងលើនេះ ជារូបព្រះ នរាយណ៍ ទ្រង់ឈរ ហើយនៅដៃមានកាន់ឧបករណ៍និងអាវុធផ្សេងៗ ដូចជា ដំបង, ខ្យងស័ង្ខ ។ រីឯព្រះកេសវិញមានផ្នួងសក់ ។ ដូនពេញសប្បាយចិត្តជាពន់ពេក ក៏ប្រមែលប្រមូលអ្នកស្រុកជិតឆ្ងាយ ធ្វើបុណ្យ ។ គាត់បានសាងសង់រោងមួយនៅមុខខ្ទមរបស់គាត់ ដើម្បីដាក់វត្ថុស័ក្តិសិទ្ធិទាំងអស់នោះ ។ បន្ទាប់មកទៀត គាត់ក៏បានស្នើអ្នកស្រុកភូមិឱ្យជួយពូនដី នៅមុខផ្ទះគាត់ឱ្យខ្ពស់ដូចកូនភ្នំ ដើម្បីទុកជា ទីគោរពសក្ការៈបូជា ។
លោកយាយ និង អ្នកស្រុក ក៏បានអារដើមគគីនោះ ដើម្បីយកទៅសាងសង់ព្រះវិហារ ។ ក្រោយពីបាន សាងសង់ព្រះវិហារប្រក់ស្បូវរួច លោកយាយក៏បាននិមន្តព្រះសង្ឃជាច្រើនអង្គ ដើម្បីធ្វើពិធីអភិសេក ព្រះនិងទេវរូប ដោយដាក់តម្កល់ក្នុងព្រះវិហារនោះទៅ ។ ក្រោយពីសូត្រមន្តរួច ព្រះសង្ឃក៏បានសម្រេច ព្រះទ័យរស់នៅទីនោះ ដោយសាងសង់កុដិនៅខាងលិចវត្តនោះ ។ ដូច្នេះហើយ បានជាចាស់ទុំហៅវត្ត ខាងលើនេះថា វត្តភ្នំដូនពេញ ហើយក្រោយមកទៀត ក៏បានក្លាយទៅជាវត្តភ្នំរហូតដល់សព្វថ្ងៃទៅ ។
ស្លាកស្នាមវប្បធម៌ខ្មែរគ្រប់យុគសម័យបានត្រូវគេជួបប្រទះនៅលើទីតាំងស្ថិតជិតឆ្ងាយ នៃទីក្រុង ភ្នំពេញ បច្ចុប្បន្ន ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សព្វថ្ងៃនេះបញ្ជាក់ឱ្យឃើញថា ទីតាំងរាជធានីភ្នំពេញ សព្វថ្ងៃនេះ មានលក្ខណៈប្រកបដោយអំណោយផលភូមិសាស្ត្រ ដោយមានទន្លេ ៤ មុខជាសសៃឈាម ក្នុងវិស័យសេដ្ឋកិច្ច ហើយក៏ជាមូលហេតុនៃការរីកដុះដាលនៃភូមិភាគនេះ ។ សូមបញ្ជាក់ថា ព្រះចេតិយដែលធំជាងគេនៅលើវត្តភ្នំសព្វថ្ងៃនេះ គឺជាព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុ របស់ព្រះបាទ ពញាយ៉ាត ៕
ប្រភព៖ សៀវភៅរបស់លោកបណ្ឌិត ម.ត្រាណេ