កោះពី គ្របដណ្ដប់ដោយក្រូចថ្លុងរាប់សិបហិកតា កំពុងល្បីខ្លាំងនៅកំពង់ចាម
បច្ចុប្បន្នកោះពី កំពុងប្រែក្លាយជាចំការក្រូចថ្លុង ផ្គត់ផ្គង់ជីវភាពកសិករឱ្យកាន់តែប្រសើរ បន្ទាប់ពីដាំណាំឫស្សី និង ដើមគរ ។ ក្រៅពីជួយផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ តាមរយៈចំការក្រូចនេះ កោះពី មានសក្តានុពល ជាតំបន់កសិទេសចរណ៍ មានខ្យល់បរិសុទ្ធលើឆ្នេរខ្សាច់លឿងខ្ចី ជាមួយទឹកទន្លេថ្លាយង់ទេសភាពល្អគន់ ក្រោមម្លប់ក្រូចថ្លុងប្រកបដោយផាសុកភាព និង រសជាតិផ្អែមឆ្ងាញ់ ។
កោះពី ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខភ្នំហាន់ជ័យ ស្រុកកំពង់សៀម និង ទល់មុខឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលមានកំពង់ចម្លងតែមួយគត់ ទៅកាន់ដីកោះនេះ គឺកំពង់ចម្លងវត្តក្រូចសើច ។
នារដូវប្រាំង កោះពី ព័ទ្ធជុំវិញទៅដោយខ្សាច់ពណ៌លឿងខ្ចី លាយជាមួយកំទេចកំទីភ្លឺផ្លេកពណ៌មាស និង ប្រាក់ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺលំនៅដ្ឋានណាក៏មានដើមក្រូចថ្លុងដែរ ។ កោះពី មានផ្ទៃដី ១.០៧៧ ហិកតា ចែកជា ៤ ភូមិ មាន ភូមិ កោះត្រែង ភូមិបីពៃ ភូមិជួរកណ្តាល និងភូមិម៉ឺនងន់ ដែលពីមុនសម្បូរទៅដោយដើមឫស្សី និងដើមគរ ។
ក្រោយមកដោយការដាំក្រូចថ្លុង មានការលូត លាស់ល្អ ហើយផ្តល់រសជាតិផ្អែមស្រទន់ ទទួលបានការ ចាប់អារម្មណ៍ទើប ប្រជាជនក្នុងភូមិ បានកាប់ឫស្សី រួចចាក់ដីបន្ថែម ដើម្បីដាំដំណាំក្រូច ថ្លុង លើផ្ទៃដី ប្រមាណ ៣០ ហិកតា ដែលពេលនេះកំពុងប្រមូលផលប្រមាណ ១០ ហិកតាជាបណ្តើរៗហើយ ។ លើកោះនេះគេសង្កេតឃើញមានដំណាំចម្បងតែ ៣ ប្រភេទប៉ុណ្ណោះ គឺ ឫស្សី, គរ និងក្រូច ថ្លុង ៕
ដោយ ៖ ដេវីត