វត្តអារាមមួយនៅបាត់ដំបង អាយុកាលជិត ២០០ឆ្នាំ បង្កប់អាថ៌កំបាំងជាច្រើន
វត្តសុវណ្ណបុប្ផា ហៅ វត្តស្លក្រាម គឺជាវត្តចំណាស់មួយក្នុងចំណោមវត្តចំណាស់ជាច្រើនទៀត ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្លក្រាម ឃុំ វត្តតាមិម ស្រុក សង្កែ ខេត្តបាត់ដំបង ដែលមានអាយុ ១៤៤ ឆ្នាំ ។
វត្តនេះមានផ្ទៃដីសរុប ១៧ ៤៤២ ម៉ែត្រការ៉េ និង មានព្រំប្រទល់ខាងកើតជាប់នឹង សាលាបឋមសិក្សាស្លក្រាម ខាងលិចជាប់នឹងភូមិស្លក្រាម ខាងជើងជាប់នឹងស្ទឹងសង្កែ និង ខាងត្បូងជាប់សាលាអនុវិទ្យាល័យ មានចម្ងាយ ៧ គីឡូម៉ែត្រពីទីរួមខេត្ត ហើយត្រូវបានកសាងឡើង ក្នុងឆ្នាំ ១៨៧៥ ដោយព្រះចៅអធិការលោកតា ម៉ៅ បានដឹកនាំពុទ្ធបរិស័ទកសាង វត្តសុវណ្ណបុប្ផានេះឡើង ហើយបន្ទាប់មកទៀតបានកសាង បោថកុដ សាលាឆាន់ ជាដើម ។
បន្ទាប់មកទៀតពីឆ្នាំ ១៨៧៥ ដល់ឆ្នាំ ១៩០៤ ព្រះចៅអធិការ ភោត ឌិត បានកសាងព្រះវិហារ កុដ ធ្វើអំពីឈើ ប្រក់ក្បឿង ។ ពីឆ្នាំ១៩០៤ ដល់ឆ្នាំ១៩៦៣ ព្រះចៅអធិការ ឌួង ទុំ បានកសាងខ្លោងទ្វាវត្ត ។ ចាប់ពីឆ្នាំ១៩៦៣ មកដល់ឆ្នាំ១៩៦៦ ព្រះចៅអធិការ អ៊ុង សំអុល បានកសាងឃឿនព្រះវិហារ ។ ពី ឆ្នាំ ១៩៦៦ ដល់ ឆ្នាំ ១៩៧៥ ព្រះចៅអធិការ ហ៊ីង ម៉ា និល បានដឹកនាំពុទ្ធបរិស័ទ កសាងខ្លោងទ្វាពីរ និងរបងខាងមុខវត្ត និងសមិទ្ធិផលផ្សេងៗទៀត ។
ជាអកុសល ក្នុងកំឡុង ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ វត្តនេះត្រូវបានពួក ខ្មែរក្រហម យកធ្វើជាជង្រុកស្រូវ ហើយទីអសនៈផ្សេងៗ នៅក្នុងវត្តស្ទើរតែទាំងអស់ ត្រូវបានវាយកំទេចចោល បន្ទាប់មកក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់រណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងវិញ ។ ចាប់ពី ឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១០ វត្តនេះគ្រប់គ្រងដោយព្រះគ្រូចៅអធិការ ហ៊ីង ចាន់ បានដឹកនាំពុទ្ធបរិស័ទកសាង កុដិថ្មពីរ សាលាធម្មសភា បណ្ណាល័យ និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន ។
តាមសង្ឃដីការបស់ព្រះគ្រូ សមថបណ្ឌិតោ ខ្លូត ដារ៉ា ចៅអធិការវត្តសុវណ្ណបុប្ផា ហៅវត្តស្លក្រាម បច្ចុប្បន្ន បានឱ្យដឹងថា បច្ចុប្បន្ននេះ វត្តសុវណ្ណបុប្ផា ហៅវត្តស្លក្រាម មានព្រះសង្ឃគង់នៅចំនួន ១៣ អង្គ ហើយវត្តនេះមិនត្រឹមតែបម្រើសម្រាប់ការ ធ្វើបុណ្យទានក្នុង វិស័យពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលទាក់ទាញ ទេសចរបរទេសទៀតផង ពិសេសគឺជនជាតិបារាំង ដោយសារតែវត្តនេះត្រូវបានកសាងឡើងតាំងពីមុនសម័យអាណានិគមបារាំងមកម្លេះ គឺក្នុងសម័យដែលខេត្តបាត់ដំបង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ ហើយនៅជាប់និងវត្តមានចំការដើមគគីរាប់រយដើម ដែលផ្តល់ជាម្លប់ ទេសភាពដ៍ស្រស់ត្រកាលសម្រាប់ទស្សនា លើសពីនេះទៅទៀត នៅក្នុងបរិវេណវត្តមាន កុដិឈើចំណាស់មួយ ដែលត្រូវបានកសាង ក្នុងកំឡុង ឆ្នាំ ១៩០៤ ក្នុងសម័យអាណានិគមបារាំង ។
មួយវិញទៀត តាមការឱ្យដឹងរបស់អ្នកស្រុក និងព្រះគ្រូចៅអធិការវត្តបច្ចុប្បន្នថា វត្តនេះជាវត្តដ៍ស័កសិទ្ធមួយ ដោយសារតែមានថ្មបុរាណពីរដុំ ដែលគេមិនដឹងពីអាយុកាលរបស់វា ហើយជារៀងរាល់ថ្ងៃ មានមនុស្សមា្នជាច្រើនបានមកបន់ស្រន់ បួងសួង សុំសេចក្តីសុខនៅកន្លែងថ្មស័កសិទ្ធនេះ ៕
ដោយ៖សុថាត់
ប្រភព៖ មន្ទីរទេសចរ ខេត្តបាត់ដំបង