តោះ ! ទៅស្ទូចត្រីកម្សាន្តលេងនៅម្លប់ត្នោតកៀនស្វាយ
ភោជនីយដ្ឋានម្លប់ត្នោតកៀនស្វាយ នៅមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានឡើយ ដើម្បីធ្វើដំណើរទៅដល់ភោជនីយដ្ឋាននេះ លោក អ្នក ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ដោយចេញដំណើរពីច្បារអំពៅទៅបានចម្ងាយជាង ១០ គីឡូម៉ែត្រ ទៅហួសវត្តវិវិត្តារាម ត្រង់ស្លាកព្រំប្រទល់ខេត្តកណ្តាលប្រមាណជាង ២០ ម៉ែត្រ នឹងបានឃើញ ភោជនីយដ្ឋាន «ម្លប់ត្នោតកៀនស្វាយ និង ស្ទូចត្រីកម្សាន្ត» ស្ថិតនៅខាងឆ្វេងដៃជាប់នឹងផ្លូវជាតិតែម្តង ។
ក្រៅពីមានកន្លែងកម្សាន្ត ភោជនីយដ្ឋានម្លប់ត្នោត កៀនស្វាយ ក៏មានកន្លែង ស្ទូចត្រីកម្សាន្ត មានក្យូសលម្ហែនៅលើទឹកមានចំនួន ១០ និង ក្យូសនៅលើដីចំនួន ៤ សម្រាប់ទុកឱ្យភ្ញៀវ អង្គុយស្ទូចត្រី និង ពិសារអាហារយ៉ាងមានផាសុខភាពទៀតផង ។ក្យូសនីមួយៗមានដំបូលប្រក់ស្បូវ និង មានរចនាវាំងននពណ៌សស្អាតប្លែក ដែលអាចទទួលភ្ញៀវមកកម្សាន្តបានចំនួន ១០ នាក់។
ភ្ញៀវអាចស្ទូចត្រីលេងបាន ដោយសន្ទូចមានតម្លៃ ៤ ពាន់រៀលភ្ជាប់ជាមួយនុយស្ទូចត្រី។ ចំណែកត្រីដែលស្ទូចបានមានតម្លៃ ១ គីឡូក្រាម ១ ម៉ឺនរៀល ។ ប្រសិនបើភ្ញៀវចង់ភ្លក្សរសជាតិត្រីដោះចេញពីសន្ទូចរបស់ខ្លួន ភោជនីយដ្ឋានគិតតម្លៃ ៨ ពាន់រៀលសម្រាប់ការចម្អិនជាការស្រេច ៕
ដោយ៖សុថាត់