មកស្គាល់តំបន់សត្វស្លាបនៅកម្ពុជា ធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍
តំបន់អភិរក្សព្រែកទាល់ មានទីតាំងនៅក្នុងបឹងទន្លេសាប ស្ថិតក្នុង ភូមិព្រែកទាល់ ឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គ្របដណ្តប់លើផ្ទៃដី ២១ ៣៤២ ហិកតា ដែលជាតំបន់ជម្រកពងកូនសត្វស្លាបទឹកធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍នៃបឹងទន្លសាប ។ តំបន់អភិរក្សព្រែកទាល់នេះ ត្រូវបានគេចាត់ទុកថាជាតំបន់ដែលមានពពួកសត្វស្លាបកម្រៗរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក ។
សម្រស់ធម្មជាតិនៃផ្ទៃបឹងដ៏ស្រស់ស្អាតនៅទីនោះ កំពុងតែទាក់ទាញភ្ញៀវទេសចរដែលភាគច្រើនជាជនបរទេស ទៅទស្សនាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។ អ្នកទេសចរដែលចង់ទៅទស្សនាតំបន់នោះ អាចធ្វើដំណើរទៅបានតែតាមមធ្យោបាយជិះទូក ឬកាណូត តែប៉ុណ្ណោះ ដែលកន្លងមកភាគច្រើនចេញដំណើរពីតំបន់ ចុងឃ្នាស នៃខេត្តសៀមរាបដោយជិះទូក ឬកាណូតប្រមាណជា ១ម៉ោងកន្លះ ទើបទៅដល់ ភូមិព្រែកទាល់នេះ ។
នៅរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ ខែឧសភា មានប្រភេទសត្វស្លាបរាប់រយប្រភេទដូចជា ទុង ក្រសារ ប្រវឹក រនាលព៍ណ ត្រដក់ និង សត្វជាច្រើនប្រភេទផ្សេងទៀតបាននាំគ្នាមកតំបន់នេះយ៉ាងកកកុញ ដើម្បីរកចំណី ក្រាបពង និង បង្កាត់ពូជក្នុងដែនជម្រកអភិរក្សមួយនេះ ។ នៅទីនោះគេបានរៀបចំធ្វើជាកន្លែងសម្រាប់ទស្សនាសត្វស្លាប គឺគេធ្វើជារាននៅលើទឹកសម្រាប់ឱ្យអ្នកទេសចរឈរ ឬ អង្គុយមើលហ្វូងសត្វស្លាបទាំងនោះបានយ៉ាងងាយស្រួល ។
ក្រៅពីទិដ្ឋភាពនៃហ្វូងសត្វស្លាបដ៏គួរឱ្យចាប់អារម្មណ៍ គឺនៅមានទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត ការនេសាទត្រីបែបប្រពៃណីរបស់ប្រជានេសាទសហគមន៍ផ្ទះបណ្ដែតទឹក ធម្មជាតិជាលក្ខណៈជីវៈចម្រុះ និង ធនធានធម្មជាតិផ្សេងៗទៀតដែលមានទាក់ទងនឹងផ្ទៃទឹកទន្លេសាបទាំងមូលតែម្តង។ នៅតំបន់នោះឃើញមានភូមិនេសាទមួយដែលមានប្រជាជនរស់នៅជាង ១ ២០០ គ្រួសារ រស់នៅក្នុងផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬ ផ្ទះទឹកដែលផ្លាស់ប្ដូរទៅតាមការឡើងស្រកនៃផ្ទៃទឹកបឹងទន្លេសាប ៕
ដោយ៖សុថាត់