កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយ មានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩ នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និង ក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១៥ ផងដែរ ។ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ ៤ ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ ១៣ ។ លើសពីនេះទៅទៀត ក្រុងសៀមរាប ឈរលើកំពូលតារាង ដោយទទួលបាន ១០ ពិន្ទុពេញ ខណៈដែលទីក្រុងបាងកក ឈរលេខ ២ និង ទីក្រុងសិង្ហបុរី ឈរលេខ ៣ ហើយរាជធានី ភ្នំពេញ ឈរនៅលំដាប់ទី ៤ មានពិន្ទុ ៩,៧ ។
ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោកដ៏ល្បីរបស់អាល្លឺម៉ង់មួយនេះ បានជ្រើសរើសយកក្រុងសៀមរាប ដោយផ្អែកទៅលើ លទ្ធផលស្រាវជ្រាវពីការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និង ជាពិសេសគឺ បទពិសោធន៍ជាក់ស្តែង ដែលភ្ញៀវទេសចរណ៍ទទួលបាន ។
ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោក របស់អាល្លឺម៉ង់ឈ្មោះ You Discover បានបង្ហាញពីសក្តានុពលនៃទីក្រុងសៀមរាប ដែលមានប្រាសាទបុរាណជាច្រើន ជាពិសេសគឺ ប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ៕
ដោយ៖សុថាត់