ជិតដល់ថ្ងៃឈប់សម្រាក សូមណែនាំរមណីយដ្ឋានធម្មជាតិថ្វាក នៅខេត្តបាត់ដំបង ល្បីសប្បាយណាស់ !
រមណីយដ្ឋានធម្មជាតិថ្វាក ជារមណីយដ្ឋានមួយ ស្ថិតនៅប៉ែកខាងលិចទីរួមខេត្ដបាត់ដំបង ដែលមានចម្ងាយ ប្រមាណជា ៤៥ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកម្សាន្ដតាមផ្លូវជាតិលេខ ៥៧ ។ រមណីយដ្ឋាននេះ ស្ថិតនៅតាមដងស្ទឹងសង្កែ ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលគ្រប់គ្រង ដោយអជ្ញាធរមូលដ្ឋាននៅទីនោះ ។
រមណីយដ្ឋានធម្មជាតិថ្វាក ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១១មកម្ល៉េះ នៅរដូវប្រាំងកម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេង ក្នុងស្ទឹងលើថ្មរដេបរដុប ។ នៅទីនោះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និង គុម្ពឬស្សីជាច្រើនដុះតាមច្រាំង ផ្លូវចូលទៅលេងអមទៅដោយតូប ដែលសាងសង់ឡើងសម្រាប់ភ្ញៀវសម្រាកលម្ហែកាយ ។
ភ្ញៀវទេសចរទាំងឡាយអាចគយគន់នូវទេសភាពធម្មជាតិ នៅតាមមាត់ស្ទឹង ស្ដាប់សំឡេងទឹកហូរ និង សត្វយំយ៉ាងខ្ញៀវខ្ញា និង ងូតទឹកកម្សាន្តលេងយ៉ាងសប្បាយ ។ ជាពិសេសទៅទៀតនោះ នៅរមណីយដ្ឋាននោះ មានផ្ទៃទឹកហូររាបស្មើ និង មានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្ម ធំ តូច គួរជាទីកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយ ។
នៅថ្ងៃឈប់សម្រាក់ និង នៅថ្ងៃបុណ្យជាតិម្តងៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករទៅងូតទឹកលេងនៅរមណីយដ្ឋាននោះ ។ និយាយរួមរមណីយដ្ឋានធម្មជាតិថ្វាកនេះ មានលក្ខណៈល្អគ្រប់គ្រាន់ សម្រាប់ធ្វើជាកន្លែងកម្សាន្ដ លេងទឹក និង សម្រាកាយ យ៉ាងសប្បាយរីករាយ ។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ៕
ដោយ៖សុថាត់