គ្រាន់តែឃើញទេសភាពស្រស់ស្អាតបែបនេះ ចង់ទៅលេងភ្លាម !
រមណីយដ្ឋានដ៏ទាក់ទាញ ដែលមានអាងហែលទឹកពណ៌ខៀវស្រងាត់ស្ថិតនៅលើទីទួលខ្ពស់ដើម្បីគយគន់ជួរភ្នំទាំងឡាយ ដែលស្ថិតនៅខាងឆ្វេង និង ស្ដាំនៃភ្នំ កូនសត្វ ព្រមទាំងមើលឃើញជួរ ភ្នំវល្លិ៍ ដ៏វែងអន្លាយ ដែលមានមន្ដស្នេហ៍ទាក់ទាញភ្ញៀវទេសចរ ដែលប្រាថ្នាចង់ស្នាក់អាស្រ័យ និង លម្ហែកាយនៅទីស្ងប់ស្ងាត់នោះ ។
នៅក្រោមសម្រស់ធម្មជាតិព្រៃភ្នំ ចម្ការ ដំណាំហូបផ្លែ ជាពិសេសចម្ការម្រេច ដ៏ល្បីល្បាញរបស់អ្នកស្រុកកំពត និង ឧទ្យានជាតិកែប ព្រមទាំងខ្យល់ជំនោរបោកបក់ដ៏ត្រជាក់ពីឈូងសមុទ្រថៃ លោកអ្នកអាច សម្រាកសម្រាន្ដក្នុងបរិស្ថានស្ងប់ស្ងាត់ប្រកបដោយផាសុកភាពបាត់អស់ទុក្ខកង្វល់បានតាមក្តីប្រាថ្នា។
ប្រសិនបើការគយគន់ទេសភាពព្រៃភ្នំ ចម្ការដំណាំ និង ហែលទឹកអាងដ៏ថ្លាដូចកញ្ចក់មិនទាន់គ្រប់គ្រាន់ទេនោះ លោកអ្នកអាចប្រើថាមពលរាងកាយបញ្ចេញញើសដើម្បីសុខភាពភាពរឹងមាំ ដោយការជិះកង់តាមជម្រាលភ្នំ ឬ ដើរឡើងភ្នំរួច ស្រស់ស្រូបអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលប្រើផលិតផលម្រេចទាំងមុខម្ហូប អាស៊ី និង អឺរ៉ុប ។
ភ្នំកូនសត្វ ស្ថិតនៅចំកណ្ដាលបេះដូងនៃតំបន់ដំណាំម្រេច ដ៏ល្បីល្បាញនៅទូទាំងពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុង ឃុំកូនសត្វ ស្រុកទឹក ឈូ ខេត្ដកំពត មានចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រពីទំនប់ ប្រឡាក់ក្រឡា គឺជារមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរ ដែលប្រាថ្នាភាពស្ងប់ស្ងាត់ ៕
ដោយ៖សុថាត់