ត្រៀមៗ! សៀមរាប នឹងមានកន្លែងទស្សនាត្រីទឹកសាប ទឹកប្រៃ ធំបំផុតមិនចាញ់ស្រុកគេ
នាល្ងាចថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម Michael Newbill ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន Angkor Wildlife & Aquarium បានអញ្ជើញបើកសម្ពោធដំណើរការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ (អាងចិញ្ចឹមត្រី) និង ជម្រកអភិរក្សសត្វ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន និងសមាគមនានា ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ ។
នេះជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Angkor Wildlife & Aquarium ដែលបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និង វិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ICM Inc. International Concept Management Inc.) មកពីសហរដ្ឋអាមេរិក។
គម្រោងនេះមានទំហំវិនិយោគសរុប ប្រមាណ ៧០ លានដុល្លារអាមេរិក (ស្ថិតនៅលើផ្ទះដីទំហំ ១០០ហិកតា នៅខេត្តសៀមរាប) ដោយចែកចេញជា ០៣ ដំណាក់កាល ហើយដំណាក់កាលទីមួយ គ្រោងចំណាយអស់ប្រមាណ ១៨ លានដុល្លារអាមេរិក ។
ការសាងសង់ក្នុងដំណាក់កាលទី ១ នឹងប្រើរយៈពេល ០២ ឆ្នាំ ដោយចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២១ ។ គម្រោងនេះនឹងនាំមកនូវមជ្ឈមណ្ឌល ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ ដើម្បីបម្រើសេចក្តីត្រូវការ និងការសិក្សាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប ។
ជាងនេះទៀត គម្រោងវិនិយោគនេះ គឺជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនឹងក្លាយជាគោលដៅទាក់ទាញបំផុតទីពីរ បន្ទាប់ពីអង្គរវត្ត ពិសេស គឺជាការបង្កើតភាពទាក់ទាញថ្មីដែលនឹងជម្រុញអោយទេសចរមកកាន់ខេត្តសៀមរាបបន្តការស្នាក់នៅជាមធ្យមពាក់កណ្តាលថ្ងៃទៀតផង ៕
អត្ថបទ ៖ រាជ