ក្នុងថ្ងៃឈប់សម្រាករយៈពេលយូរនៅខែឧសភានេះ ប្រិយមិត្តមួយចំនួនធំប្រាកដជាមិនចង់គេងផ្ទះ ដកដង្ហើមចោលទេមែនទេ ? អ្វីដែលពិបាកនោះត្រង់ថា មានលុយហើយ មិនដឹងគួរទៅលម្ហែកាយឯណាដែលមានទេសភាពស្អាត អាចបំបាត់នៅរាលភាពធុញថប់ទាំងឡាយ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញរីសត ៤ កន្លែង នៅ ៤ ខេត្តផ្សេងៗគ្នាដែលប្រិយមិត្តអាចសម្រាកលម្ហែកាយក្នុងរដូវនេះ វិស្សមកាលនេះ ។ តោះសូមទៅស្គាល់ទាំងអស់គ្នា ៖
១. ភូមិបៃតង
កន្លងមកប្រិយមិត្តប្រហែលជាឧស្សាហ៍ទៅងូតទឹកលេងនៅសណ្ឋាគារ ឬ នៅសួនទឹកផ្សេងៗ តែប្រហែលជាមិនធ្លាប់បានងូតទឹកក្នុងអាងដ៏ថ្លាឈ្វេងកណ្ដាលវាលស្រែទេ មែនទេ? ភូមិខ្មែរ ជារមណីយដ្ឋានបែបស្រុកស្រែដ៏ស្រស់ស្អាតបំផុតមួយនៅខេត្តសៀមរាប នៅទីនោះមានដើមត្នោតច្រូងច្រាង មានសង់ផ្ទះស្នាក់នៅប្រក់ក្បឿងជាប្រភេទភូមិខ្មែរពិតៗ មានចម្ការច្បារដំណាំចម្រុះគ្រប់ប្រភេទ ។ អ្វីដែលទាក់ចិត្តបំផុតនោះភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ មានដាក់ជាឆត្រសម្រាប់គេងសំដិលមិនចាញ់មាត់សមុទ្រឡើយ ។
ភូមិបៃតង ជាកន្លែងដ៏ល្អបំផុត សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ នៅទីនោះ មានខ្យល់អាកាសបរិសុទ្ធ ក្រអូបក្លិនស្រូវ និង ស្លឹកគ្រៃ ធ្វើឲ្យមានអារម្មណ៍ថាទីនេះដូចឋានសួគ៌កណ្ដាលភូមិនៅជនបទមួយអ៊ីចឹង ។ ភូមិបៃតង មានទីតាំងស្ថិតនៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មិនឆ្ងាយប៉ុន្មានឡើយពីទីរួមខេត្ត ។
២. កោះឋានសួគ៌
ស្ថិតនៅកណ្ដាលមហាសាគរនៃខេត្តព្រះសីហនុ កោះឋានសួគ៌ ឆ្នេរភ្លោះ ជារីសតមួយដ៏ល្អប្រណិត ប្រកបដោយទេសភាពដ៏ស្រស់បំព្រង ខ្យល់អាកាសល្អបរិសុទ្ធ ស័ក្ដិសមបំផុត សម្រាប់អ្នកចូលចិត្តជីវិតឯកជន និង ភាពស្ងប់ស្ងាត់ ។ នៅទីនោះមានបឹងកាឡូស្នាក់នៅស្អាតៗ រំលេចជាមួយពណ៌ឆើតឆាយ គួរឲ្យចង់សម្រាកលម្ហែកាយបំបាត់នូវរាល់ភាពធុញថប់ទាំងឡាយឱ្យរសាត់ចេញឆ្ងាយឲ្យអស់ ។
ភ្ញៀវទេសចរដែលទៅកម្សាន្តនណៅកោះឋានសួគ៌ នឹងទទួលបាននូវអារម្មណ៍ពិសេសប្លែកបំផុតជាមួយឆ្នេរខ្សាច់សក្បុស និង ទឹកសមុទ្រពណ៌ស្អាតខ្លាំងដូចផ្ទៃមេឃ ។ អ្វីដែលទាក់ចិត្តក្រៃលែងនោះ កោះឋានសួគ៌ឆ្នេរភ្លោះ មានព្រៃដូងរាប់ម៉ឺនដើមដែល ដាំជាជួរយ៉ាងមានរបៀប អាចជិះទូកទស្សនាមច្ឆាសមុទ្រ ផ្កាថ្ម មានដងព្រែកទឹករាក់ឆ្លុះឃើញត្រីហែលជាក្រុមៗ និងព្រៃភ្នំធម្មជាតិដ៏ត្រកាល ។ ទាំងនេះហើយទើបគេប្រសិទ្ធភាពទីនេះថា ជាកោះឋានសួគ៌ គឺស្អាតខ្លាំងរកអ្វីប្រៀបប្រដូចពុំបាន ។
ចំពោះការស្នាក់នៅវិញមានផ្ទះ បន្ទប់ ច្រើនប្រភេទ និង តម្លៃខុសៗគ្នាដូចជា បឹកកាឡូគេងគ្នា ៤ នាក់ប្រើកង្ហា តម្លៃ ៧០ ដុល្លារក្នុងមួយយប់ បឹកកាឡូគេងគ្នា ៤ នាក់ប្រើម៉ាស៊ីនត្រជាក់ តម្លៃ ១០០ ដុល្លារ ក្នុងមួយយប់ បន្ទប់ប៊ូទិកប្រភេទថ្មមួយយប់តម្លៃ ១២០ ដុល្លារគេង ៤ នាក់មាន Free អាហារពេលព្រឹកសម្រាប់ ២ នាក់ ។ ក្រៅពីនេះមានតង់ធំតម្លៃ ៨០ ដុល្លារ គេងបាន ៦ នាក់ និង តម្លៃ ២៥ ដុល្លារគេងបានគ្នា ២ នាក់ ។
៣. សហគមន៍ទេសចរកោះសាមសិប
ភ្ញៀវដែលទៅកម្សាន្តនៅទីនោះនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយប្លែកអារម្មណ៍បំផុត តាមរយៈការទស្សនាព្រៃលិចទឹកដ៏កម្របំផុតនៅកម្ពុជា ទស្សនាសត្វស្លាបប្រមាណ ២១៨ ប្រភេទ ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ដំណើរកម្សាន្តជិះទូកគយគន់ព្រៃលិចទឹក និង ថ្ងៃរៀបលិចដ៏ស្រស់ស្អាត ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច ការនេសាទត្រីបែបប្រពៃណីអ្នកស្រុក ការងូតទឹកលេងកម្សាន្តជាដើម ។
អ្វីដែលពិសេសបំផុតនោះអ្នកដែលដល់តំបន់នោះ អាចបោះតង់គេង លើវាខ្សាច់សក្បុស ឬ ក៏ស្នាក់នៅក្នុងផ្ទះស្នាក់របស់សហគមន៍ ការទទួលអាហារឆ្ងាញ់ៗនៅក្នុងសហគមន៍ ។ ទាំងនេះគឺ ខាងសហគមន៍ ជាអ្នករៀបចំជូនយ៉ាងពិសេសតែម្ដង ។ ការធ្វើដំណើរកម្សាន្តនៅទីនោះ មិនត្រឹមតែទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយប៉ុណ្ណោះទេ តែថែមទាំងអាចជួយផ្ដល់ប្រាក់ចំណូលដល់ប្រជាជនក្នុងសហគមន៍ ដើម្បីការពារនូវធនធានធម្មជាតិតាមដងទន្លេមេគង្គនេះទៀតផង ។
ចំពោះការចំណាយក្នុងដំណើរកម្សាន្តទៅកោះសាមសិបនេះ មានដូចជា ការស្នាក់នៅក្នុងតង់ម្នាក់ ៥ ដុល្លារទាំងខ្មែរ និង បរទេស ស្នាក់នៅក្នុងផ្ទះសហគមន៍ភ្ញៀវខ្មែរ ៣ ដុល្លារ បរទេស ៤ ដុល្លារ ។ ចំណែកអាហារវិញ ព្រឹក ២ ដុល្លារ ថ្ងៃ និង ល្ងាច ៣ ដុល្លារ សម្រាប់ភ្ញៀវខ្មែរ និង ព្រឹក ២ ដុល្លារ ថ្ងៃ និង ល្ងាច ៤ ដុល្លារសម្រាប់ភ្ញៀវបរទេស ។ រីឯការជីះទូកកម្សាន្តទស្សនាព្រៃលិចទឹក ចាប់ពី ១៥ ដុល្លារឡើងទៅតាមជិត ឬ ឆ្ងាយ ។
៤. Mayura Hill Resort
ស្ថិតនៅលើទឹកដីដែលមានអាកាសធាតុដ៏ត្រជាក់ Mayura Hill Resort ជារីសតដ៏ល្បី និង លេចធ្លោរមួយនៅខេត្តមណ្ឌលគីរី ។ ប្រិយមិត្តទៅដល់ទីនោះនឹងទទួលបានអារម្មណ៍ថា ត្រជាក់ស្រេប ពេញខ្លួនព្រោះតែឥទ្ធិពលព្រៃឈើដ៏ត្រឈឹងត្រឈៃហ៊ុមព័ទ្ធជុំវិញ ។ នៅទីនោះមានផ្ទះស្នាក់នៅបែប ព្រៃភ្នំ មានអាងហែលទឹកនៅកណ្ដាលព្រៃព្រឹក្សា ហើយស័ក្ដិសមបំផុតសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ និង ភាពស្ងប់ស្ងាត់ ។
អ្វីដែលពិសេសបំផុតភ្ញៀវទេសចរ អាចជិះទោងពីរីសត រហូតដល់ទឹកជ្រោះប៊ូស្រា ដែលជាតំបន់ទេសចរណ៍ដ៏ល្បីប្រចាំខេត្តមណ្ឌលគីរី ដោយមិនចាំបាច់ធ្វើដំណើរនោះទេ ។ សម្រាប់ព័ត៌មានលម្អិត ៖ 077 980 980 ៕
អត្ថបទ ៖ រាជ