ទឹកធ្លាក់ឳម៉ាល់ តំបន់ទេសចរធម្មជាតិនៅកំពត ដែលអ្នកទេសចរប្រាថ្នាចង់ទៅ !
ទឹកធ្លាក់ឪម៉ាល់កំពុងធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទឹកធ្លាក់នេះ មានទីតាំងស្ថិតនៅភូមិជ្រោះឪម៉ាល់ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។ ហើយទឹកធ្លាក់នេះមានកម្ពស់ប្រមាណជា ១០ ម៉ែត្រ ដែលហ៊ុំព័ទ្ធទៅដោយព្រៃឈើចម្ការធូរ៉េន សាវម៉ាវ ចេក ក្រូចឆ្មារ និង ចម្ការស្វាយចន្ទីជាដើម ។
ទឹកធ្លាក់ឪម៉ាល់មានវិសាលភាពទឹកធ្លាក់ខ្លាំងនៅរដូវវស្សា និង ខ្សោយនៅរដូវប្រាំង ហើយមានអំណោយផលខ្លាំងណាស់ដល់វិស័យទេសចរណ៍របស់ខេត្តកំពត នេះក៏ព្រោះតែ ទឹកធ្លាក់ធម្មជាតិមួយនេះរក្សាបាននូវធនធានធម្មជាតិពិតៗដែលភ្ញៀវទេសចរ តែងតែប្រាថ្នាចង់ស្គាល់ ។
នៅទឹកធ្លាក់ឪម៉ាល់បាន និង កំពុងតែបង្អួតនូវភាពឆើតឆាយរបស់ខ្លួន ដោយបង្កើននូវភាពអស្ចារ្យខាងធម្មជាតិ ហើយព័ទ្ធជុំវិញតំបន់ទឹកធ្លាក់នេះគឺសម្បូរទៅដោយដើម រុក្ខជាតិជាច្រើនប្រភេទធ្វើឱ្យយើងគ្រប់គ្នាបានគយគន់ហើយគឺមិនភ្លេចសរសើរពីសម្រស់របស់វានោះទេ។ គ្រប់រដូវកាល នៅទឹកធ្លាក់ឪម៉ាល់មានអំណោយផលល្អណាស់ ទាំងផ្លូវសម្រាប់ធ្វើដំណើរ និង បរិស្ថានធម្មជាតិ ដែលសព្វថ្ងៃខាងមន្ទីរទេសចរណ៍ខេត្តកំពតបាន និង កំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនោះ ឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកាន់តែមានភាពទាក់ទាញ និង ពេញនិយមថែមទៀត ។
ទឹកធ្លាក់ឪម៉ាល់មានទឹកធ្លាក់ធម្មជាតិ ដែលមានប្រភពទឹកថ្លា ត្រជាក់ហូរមកពីតំបន់ទឹកឈូ និង ភ្នំមួយ ចំនួននៅក្បែរនោះ ជាពិសេសនៅទឹកធ្លាក់ឪម៉ាល់ ក៏ជាកន្លែងមួយសម្រាប់ការជួបជុំរបស់ភ្ញៀវទេសចរញុំាអាហារយ៉ាងសប្បាយរីករាយផងដែរ ។ ក្រៅពីងូតទឹកលេង ភ្ញៀវទេសចរក៏អាចការដើរលេងកម្សាន្តតាមព្រៃភ្នំ ទស្សនាភូមិឋាន និង ចម្ការរបស់បងប្អូនអ្នកស្រុក នៅជិតៗនោះ ហើយក៏ជា កន្លែងសម្រាប់ភ្ញៀវទេសចរទស្សនា និង ទិញផលានុផលទាំងនោះផងដែរ ៕
ដោយ៖សុថាត់ (រូបថត ដំណើររុករក – Explore)