កោះខ្សាច់ទន្លា ជាកន្លែងលំហែកាយនាចុងសប្តាហ៍កំពុងមានភាពទាក់ទាញ
ក្រោយពីបំពេញការងារយ៉ាងហត់នឿយពេញមួយសប្តាហ៍មកនោះ មន្ត្រីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុនឯកជន និង អាជីវករក្នុងទីក្រុងភ្នំពេញ បានសម្លឹងរកមើលកន្លែង ឬ រមណីយដ្ឋានសម្រាប់លំហែកាយដើម្បីបន្ថយភាពតានតឹងរបស់ខ្លួន ដែលបានបំពេញការងារអស់រយៈពេលពេញមួយសប្តាហ៍មកនោះ ។
ពេលនេះ យើងសូមនាំលោកអ្នកឱ្យស្គាល់ កោះមួយនៅកណ្តាលទន្លេបាសាក់ គឺ កោះខ្សាច់ទន្លា ដែលមានភាពទាក់ទាញ ព្រមទាំងមានខ្យល់អាកាសល្អបរិសុទ្ធ គួរឱ្យចង់ទស្សនាកម្សាន្តក្រៃលែង ។
កោះខ្សាច់ទន្លានេះ ស្ថិតនៅក្នុង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ដែលមានចម្ងាយតែជាង២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញប៉ុណ្ណោះ បើលោកអ្នកចង់ទៅសម្រាកលំហែកាយនៅ កោះខ្សាច់ទន្លានោះ លោកអ្នកគ្រាន់តែធ្វើដំណើរចេញពី រាជធានីភ្នំពេញ កាត់ក្រុងតាខ្មៅ តាមផ្លូវជាតិលេខ ២១B (ផ្លូវមាត់ទន្លេ) ហួស ឃុំសិត្បូ នឹងបានទៅដល់ទឹកដីនៃកោះខ្សាច់ទន្លា នោះ ឬ មួយលោកអ្នកអាចធ្វើដំណើរ ដោយឆ្លងស្ពានព្រែកសំរោងទៅត្រើយខាងកើតបានជាង ១០គីឡូម៉ែត្រនោះនឹងបានដល់គោលដៅ ។
នៅលើ កោះខ្សាច់ទន្លា មានឆ្នេរខ្សាច់ យ៉ាងល្អស្អាត ត្រូវបានគេធ្វើក្យូសជាជួរៗទុក សម្រាប់ឱ្យភ្ញៀវអង្គុយលេង និង ពិសាអាហារយ៉ាងឆ្ងាញ់ពិសា ។ ជាមួយគ្នានោះ ភ្ញៀវទេសចរអាចងូតទឹកលេងនៅលើឆ្នេរខ្សាច់ និង ស្រូបយកខ្យល់អាកាសទន្លេ ដ៏ល្អបរិសុទ្ធថែមទៀតផង ៕
ដោយ៖សុថាត់(រូបថត Team Saang)