ផ្ទះស្នាក់បៃតង កន្លែងកម្សាន្តបែបធម្មជាតិនៅខេត្តសៀមរាប ទៅហើយចង់ទៅម្តងទៀត !
ក្រៅពីប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរជាតិ អន្តរជាតិតែងតែទៅកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ផ្សេងៗ ដើម្បីលម្ហែកាយបែបធម្មជាតិ ជាមួយនឹងទឹកហូរថ្លាមើលឃើញខ្សាច់ក្រោមម្លប់ឈើដ៏ត្រជាក់ នៅក្នុងនោះផ្ទះស្នាក់បៃតង បាន និង កំពុងតែធ្វើឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសគឺនៅថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃសម្រាកពីការងារ ។
លោក ជុំ តុលា អ្នកគ្រប់គ្រងទូទៅផ្ទះស្នាក់បៃតងនេះបានឱ្យដឹងថា សម្រស់ធម្មជាតិនៅតំបន់នេះ បានធ្វើឱ្យភ្ញៀវទេសចរមកដល់ទីនេះតែងតែមានការពេញចិត្ត និង មានការសប្បាយរីករាយ មានអ្នកខ្លះមកម្តងហើយ បានមកម្តងទៀតដោយសារបានធ្វើឱ្យអារម្មណ៍របស់ពួកគាត់ស្រស់ថ្លាជាមួយការទទួលទានអាហារនៅមាត់ទឹកហូរធ្លាក់មកពីភ្នំគូលែនក្រោមម្លប់ឈើដ៏ត្រជាក់ ដោយមានការចងអង្រឹងអង្គុយលើកទឹក ។
ប្រភពទឹកនៅទីនោះគឺហូរមកពីភ្នំគូលែន ហើយការធ្វើអនាម័យជាប្រចាំដើម្បីឱ្យស្អាតជានិច្ច ហើយក្រៅពីធនធានធម្មជាតិដ៏ស្រស់ស្អាតដែលមានស្រាប់ គេក៏មានគំនិតច្នៃប្រឌិត និង តុបតែងលម្អកន្លែងនេះឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត ។ នៅក្នុងតំបន់ផ្ទះសា្នក់បៃតងនេះមិនត្រឹមតែភ្ញៀវទេសចរមកទទួលទានអាហារហើយត្រឡប់ទៅវិញប៉ុណ្ណោះទេ តែមានភ្ញៀវទេសចរជាក្រុមបានមកស្នាក់នៅ និង មានការបោះតង់ផងដែរ ។
នៅថ្ងៃអនាគតគេមានគម្រោងពង្រីកឱ្យមានកន្លែងបន្សុតទឹកបែបធម្មជាតិសម្រាប់ក្មេងលេង និង រៀបចំឱ្យមានវាលខ្សាច់សសម្រាប់ឱ្យភ្ញៀវទេសចរមកសម្រាកហាលថ្ងៃ ការរៀបចំកន្លែងស្នាក់នៅបែបជនបទ ការជិះរទេះគោ ការស្ទូងស្រូវ ការដុតក្រឡានជាដើម ។ កត្តាទាំងនេះគឺជាចំណែកមួយចូលរួមធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះមានការងារធ្វើ និង ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបស្នាក់នៅបានយូរផងដែរ ។
ផ្ទះស្នាក់បៃតងស្ថិតនៅក្នុង ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណជាង ៣៦ គីឡូម៉ែត្រ ដោយធ្វើដំណើរពីទីរួមខេត្តតែជាង ២០ នាទីប៉ុណ្ណោះ នឹងទៅដល់កន្លែងដ៏ស្រស់ស្អាតនេះហើយ ៕
ដោយ៖សុថាត់