តោះ ! ចុងសប្តាហ៍នេះ ទៅកម្សាន្តនៅរមណីយដ្ឋានអាងទឹកម្លិចឱ្យសប្បាយម្តង !
រមណីយដ្ឋានអាងទឹកម្លិចកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុក ជុំគីរី ខេត្តកំពត នៅតាមបណ្តោយផ្លូវជាតិលេខ ២ ដែលមានចម្ងាយ ៨៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
អាងទឹកម្លិចនេះ មានផ្ទៃដីសរុបទំហំ ៥៧ ហិកតា អាចស្តុកទឹកបាន ១១ លានម៉ែត្រគីប មានជម្រៅ ៦,៥០ ម៉ែត្រ និង មានកន្លែងខ្លះជ្រៅដល់ទៅជាង ១០ ម៉ែត្រក៏មាន សម្រាប់ទុកឱ្យប្រជាកសិករប្រើប្រាស់ នៅរដូវប្រាំង ។ ហើយអាចស្រោចស្របលើដីស្រែប្រាំងរហូតដល់ទៅ ៨ ០០០ ហិកតាឯណោះ ។
ក្រៅពីសក្តានុពលផ្នែកវិស័យកសិកម្ម នៅតំបន់អាងទឹកម្លិច បានប្រែក្លាយទៅជាតំបន់ទេរសចរណ៍ថ្មីមួយទៀត ដែលមានការទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើន ឱ្យទៅ ទស្សនានៅទីនោះ។ នៅរមណីយដ្ឋានអាងទឹកម្លិច មានសេវាទស្សនាទេសភាពវាលស្រែ ក្រោមជួភ្នំធំល្វឹងល្វើយ ញាំបាយស្លឹកឈូក តាមបែបស្រុកស្រែ ដ៏ឈ្ងុយឆ្ងាញ់ ជិះទូកកាយ៉ាក កម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូបទុកជាអនុស្សាវរីយ៍ និង គយគន់ទេសភាព មើលហ្វូងមច្ឆាហែលក្នុងបឹងយ៉ាងថ្លាឈ្វេង ៕
ដោយ៖សុថាត់ (រូបថត Khmer Eco Tour)