តោះ ! ទៅគយគន់សម្រស់ដែនកោះស្រឡៅឱ្យប្លែកភ្នែកម្តង !
កោះស្រឡៅ គឺជាកោះមួយ ដែលស្ថិតនៅជាប់ដែនសមុទ្រ ក្នុងទឹកដីនៃខេត្តកោះកុង ប្រសិនបើលោក អ្នកចង់ធ្វើដំណើរទៅកម្សាន្តនៅទីនោះ លោកអ្នកត្រូវធ្វើដំណើរចេញពីក្រុងខេមរភូមិន្ទរយៈពេល ២ ម៉ោង ដោយជិះទូកដ ឬ ក៏អាចប្រើពេល កន្លះម៉ោង ដោយជិះអូប័រ តាមដងព្រែក ដែលមានព្រៃកោងកាងអមសងខាង និង ដៃសមុទ្រប្រទាក់ខ្វាត់ខ្វែងគ្នាយ៉ាងស្រស់ស្អាតគួរឱ្យចង់គយគន់ ធ្វើឱ្យអារម្មណ៍របស់លោកអ្នក មានភាពស្រស់ស្រាយ ពេលដែលលោកអ្នកបានទៅដល់ទីនោះ ។
កោះស្រឡៅ មានសហគមន៍មួយមានឈ្មោះថា សហគមន៍កោះស្រឡៅ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ។ កោះនេះស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានប្រជាជនជាង ២០០ គ្រួសាររស់នៅទីនោះ និង ជាសហគមន៍មួយ ដែលមានព្រៃកោងកាងយ៉ាងស្រស់ស្អាតបំផុត នៅជាប់តំបន់អភិរក្សព្រៃកោងកាងពាមក្រសោបនៅក្នុងប្រទេសកម្ពុជា ។
សហគមន៍កោះស្រឡៅ ជាគំរូ ដែលមានបរិស្ថានស្អាតជាងគេផងដែរ ហើយសហគមន៍មួយនេះមានសក្តានុពលខ្លាំង ខាងផ្នែកវិស័យទេសចរណ៍ធម្មជាតិ និង ជាកន្លែងដែលភ្ញៀវទេសចរចូលចិត្តថតរូបព្រៃកោងកាង ដែលឈរបង្អួតសម្រស់នៅតាមមាត់ព្រែក ដែលមានឆ្នេរខ្សាច់ពណ៌សអមជាមួយ ព្រមទាំងសកម្មភាព សហគមន៍កំពុងធ្វើការនេសាទផងដែរ ។
ដោយសារសហគមន៍ទទួលបានប្រាក់ចំណូលមួយផ្នែកធំបានមកពីផលនេសាទ និង មួយផ្នែកទៀតទទួលបានពីវិស័យទេសចរណ៍នោះ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅទីនោះមានជីវភាពធូធារ និង កូនៗបានចូលសាលារៀនទទួលការអប់រំខ្ពស់ ហើយការរស់នៅមានសុខភាពអនាម័យល្អថែមទៀត ៕
ដោយ៖សុថាត់